មនុស្សម្នាក់ៗតែងរំពឹងថា ការបង្កើតអាជីវកម្ម នឹងធ្វើឲ្យជីវិតរបស់ពួកគេ កាន់តែប្រសើរ ព្រោះជំនួញនឹងធ្វើឲ្យពួកគេក្លាយទៅជាអ្នកមានឆាប់រហ័ស ប្រសិនបើជោគជ័យ។ ប៉ុន្តែការធ្វើជំនួញ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះអ្នកអាចនឹងបរាជ័យស្ទើរគ្រប់ពេល ជាពិសេស នៅពេលចាប់ផ្តើមធ្វើដំបូងៗ។
វាជារឿងធម្មតាទេ នៅពេលមុខជំនួញថ្មីដែលទើបបើក ប្រឈមនឹងបញ្ហា។ ក្នុងស្ថានភាពនេះ ប្រសិនបើ សហគ្រិនមានសមត្ថភាពគ្រប់គ្រាន់ និងគិតគូរយ៉ាងល្អិតល្អន់ អាជីវកម្មថ្មីនឹងអាចហែលឆ្លងផុត បញ្ហាទាំងនោះ។ ផ្ទុយទៅវិញ បើគ្មានសមត្ថភាពទេ អាជីវកម្មនោះនឹងត្រូវរលាយទៅវិញក្នុងរយៈប៉ុន្មានខែក្រោយប៉ុណ្ណោះ។
តើមានមូលហេតុអ្វី ដែលធ្វើឲ្យអាជីវកម្ម ឬ ជំនួញថ្មី ងាយនឹងបរាជ័យបែបនេះ? មានមូលហេតុជាច្រើនដែលធ្វើឲ្យអាជីវកម្មថ្មីរបស់អ្នក បរាជ័យមានដូចជា៖
១) គ្មានផែនការច្បាស់លាស់
ផែនការ គឺជាគោលសំខាន់ៗដែល កំណត់យ៉ាងច្បាស់អំពីផ្លូវដែលត្រូវដើរ និង វិធីត្រូវប្រើដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ ជាទូទៅ អ្នកដែលគ្មានបទពិសោធន៍ធ្វើជំនួញ តែងតែជួបប្រទះនឹងបញ្ហានេះ ព្រោះពួកគ្រាន់តែចង់បង្កើតជំនួញមួយឲ្យជោគជ័យ តែគេមិនមានចំណេះដឹង ឬបទពិសោធន៍គ្រប់គ្រាន់ក្នុងការរៀបចំផែនការឡើយ។
២) កំណត់ទីផ្សារខុស
មុននឹងចាប់ផ្តើមធ្វើអាជីវកម្ម សហគ្រិនគ្រប់រូបចាំបាច់ត្រូវកំណត់ទីផ្សារជាមុនសិន ថាតើត្រូវផលិតអ្វីដើម្បីឆ្លើយតបទៅនឹងទីផ្សារ។ ទីផ្សារគោលដៅ គឺជាផ្លូវដែលនាំឲ្យផលិតផល អាចដំណើរការល្អលើផ្សារ ព្រោះផលិតផលរបស់អ្នក នឹងលក់មិនដាច់នោះទេ ប្រសិនបើគ្មានតម្រូវការច្បាស់លាស់លើទីផ្សារ។ ដូច្នេះ ការកំណត់ទីផ្សារ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អាជីវកម្មថ្មីថ្មោង។ ភាគច្រើន អ្នកដែលគ្មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មតែងតែ ជួបប្រទះបញ្ហានេះ ជាហេតុធ្វើឲ្យការខិតខំប្រឹងប្រឹងប្រែងរបស់ពួកគេបរាជ័យ ព្រោះតែកំណត់ទីផ្សារខុសគោលដៅ។
៣) បញ្ហាហិរញ្ញវត្ថុ
ហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អាជីវកម្មគ្រប់ប្រភេទ ព្រោះវាជាផ្នែកដ៏សំខាន់ដែលធ្វើឲ្យអ្វីៗ ដំណើរការទៅមុខបានយ៉ាងល្អ។ ប្រសិនបើអ្នកមិនអាច រៀបចំឲ្យបានល្អថា តើត្រូវប្រើទឹកប្រាក់ប៉ុន្មានដើម្បីឲ្យជំនួញថ្មីនេះដំណើរការល្អ វាប្រាកដជាមានបញ្ហាជាច្រើន។
៤) ភាពទុនខ្សោយក្នុងការគ្រប់គ្រង
មិនថា អាជីវកម្មនោះ ជាមានលក្ខណៈតូច ឬ ធំនោះទេ ប្រសិនបើសហគ្រិនគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងទេនោះ អ្វីៗប្រាកដជាត្រូវបរាជ័យ ព្រោះដំណើរការក្នុងអាជីវកម្មពិតជា មានលក្ខណៈស្មុគស្មាញ ហើយត្រូវទាមទារពេលពេលា និង ការអត់ធ្មត់ដើម្បីសិក្សា ដូចជា ផ្នែកធនធានមនុស្ស ផ្នែកហិរញ្ញវត្ថុ ផ្នែកផលិតកម្មជាដើម។ ដូច្នេះ បើអ្នកមិនអាចគ្រប់គ្រងឲ្យបានល្អទេ មិនយូរប៉ុន្មានអាជីវកម្មថ្មីនោះនឹងដួលជាមិនខាន។
៥) គ្មានគំនិតច្នៃប្រឌិត
ដើម្បីទទួលបានជោគជ័យ អាជីវកម្មថ្មីត្រូវតែមានអ្វីដែលថ្មី និង ប្លែកខុសពីគូប្រកួតសម្រាប់អតិថិជន ព្រោះចំណុចនេះ អាចទាក់ទាញការចាប់អារម្មណ៍បានយ៉ាងរហ័ស។ ដូច្នេះសហគ្រិនគ្រប់រូប ត្រូវតែមានគំនិតឆ្នៃប្រឌិតខ្ពស់ ដើម្បីអាចបត់បែនតាមកាលៈទេសៈ។ ផ្ទុយទៅវិញ បើអ្នកគ្មានគំនិតច្នៃប្រឌិតនោះទេ វាជារឿងដ៏លំបាកបំផុត សម្រាប់ប្រកួតប្រជែងនៅលើទីផ្សារបច្ចុប្បន្ននេះ ជាពិសេសបើអាជីវកម្មរបស់អ្នកបង្កើតឡើងមកក្រោយគេ ហើយយកលំនាំតាមគេដោយគ្មានអ្វីខុសប្លែកពីគេ ច្បាស់ណាស់ថា អាជីវកម្មអ្នកនឹងបរាជ័យ។
៦) ឆាប់បាក់ទឹកចិត្ត
ដូចដែលបានដឹងហើយថា នៅពេលអាជីវកម្មថ្មីត្រូវបង្កើតឡើងនោះ វាប្រាកដជាមានបញ្ហាជាច្រើន ដូច្នេះប្រសិនបើសហគ្រិនមិនតស៊ូ ដោះស្រាយបញ្ហាទេនោះ មានន័យថា អាជីវកម្មថ្មីនេះមិនអាចទៅមុខទៀតឡើយ។ ពេលខ្លះ វាមិនមែនជាបញ្ហាលំបាកខ្លាំងពេកទេ តែដោយសារតែអ្នកគ្មានទំនុកចិត្តរឹងមាំលើខ្លួនឯង ដូច្នេះអ្នកក៏សម្រេចចិត្តបោះបង់វា ដែលនេះគឺជាចំណុចអវិជ្ជមានមួយ ដែលត្រូវតែគិតឡើងវិញ៕