Meadow Walker ដែលត្រូវជាកូនស្រីបង្កើតរបស់អតីតតារាសម្ដែងអាមេរិក Paul Walker បានអះអាងថាកំហុសបច្ចេកទេសរថយន្តជាមូលហេតុដែលបណ្ដាលឲ្យឪពុករបស់ខ្លួនត្រូវស្លាប់។
កូនស្រីអាយុ ១៦ ឆ្នាំ Meadow Walker របស់ Paul Walker បានដាក់ពាក្យបណ្ដឹងដោយអះអាងថា ក្រោយពេលប៉ះទង្គិចក្នុងគ្រោះថ្នាក់ចរាចរណ៍ ឪពុករបស់នាងមិនទាន់ស្លាប់នោះទេ ភ្លើងដែលបានផ្ទុះក្រោយនោះទើបជាមូលហេតុដែលដុតសម្លាប់ឪពុករបស់នាងទាំងរស់។ Meadow បានឲ្យដឹងថាក្រុមហ៊ុនរថយន្ត Porshe ត្រូវតែទទួលខុសត្រូវពីរឿងនេះ។
នៅក្នុងពាក្យបណ្ដឹង មេធាវីរបស់ Meadow Walker បានអះអាងថាឡានស៊េរី Porshe Carrera GT នៅពេលដែលជួបឧបទ្ទវហេតុនោះបានដាច់ជាពីរ ហើយខ្សែក្រវាត់សុវត្ថិភាពនៅលើកៅអីរបស់ Paul បានវាត់ត្រូវ ឆ្អឹងជំនីនិង ឆ្អឹងត្រគាករបស់គាត់បណ្ដាលឲ្យគាត់ជាប់គាំងនៅក្នុងកៅអីអ្នកដំណើរ។
ភាគីដើមចោទបានបញ្ជាក់ថា អស់រយៈពេល ១នាទី ២០ វិនាទីបន្ទាប់ពីគ្រោះថ្នាក់បានកើតឡើង ភ្លើងឡានទើបចាប់ផ្ដើមផ្ទុះ ប៉ុន្តែ Paul មិនអាចរត់ចេញបានដោយសារតែជាប់នៅក្នុងឡាន។ នៅពេលដែលភ្លើងទើបតែឆាបឆេះ Paul នៅមានជីវិតនៅឡើយទេ។ មេធាវីបានសរសេរថា “Paul Walker បានស្រូបផ្សែងច្រើនពេកចូលក្នុងសួតនៅពេលឡាននេះឆេះ”។
តាមការកោសល្យវិច័យ បានឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យកើតមានហេតុការណ៍នេះកើតឡើងគឺដោយសារអ្នកបើកឡាននៅពេលនោះបានបើកបរក្នុងល្បឿន ពី ១២៨ទៅ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង តែមេធាវីរបស់ Meadow បានសង្កត់ធ្ងន់ថាអ្នកបើកបរ Rodas បានបើកក្នុងល្បឿនពី ១០១ ទៅ១១៤ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះនៅពេលដែលឡានចាប់ផ្ដើមបាត់បង់ការគ្រប់គ្រង។ ភាគីនេះបានបន្តទៀតថារឿងនេះនឹងមិនអាចកើតឡើងទេបើសិនជាឡាននេះ មានប្រព័ន្ធរក្សាលំនឹងដែលមានប្រសិទ្ធភាព។
មេធាវីរបស់ Meadow ប្រាប់ថាក្រុមហ៊ុន Porsche បានដឹងថា ស៊េរី Carrera GT ធ្លាប់មានបញ្ហាពីការគ្រប់គ្រងក៏ដូចជារក្សាលំនឹងពីមុននោះមកហើយ។
មេធាវី Jeff Milam បានប្រាប់គេហទំព័រ TMZ ថា “និយាយរួមទៅ Porsche Carrere GT ជាឡានដែលមានគ្រោះថ្នាក់មួយ ហើយវាមិនគួរយកបើកនៅលើផ្លូវនោះទេ។ ហើយយើងក៏មិនគូរបាត់បង់ Paul Walker និងមិត្តរបស់គាត់ Roger Rodas ដូច្នេះដែរ”៕