Games

ធ្ងន់​ក! Messi ប្រឈម​នឹង​ការ​ជាប់​គុក​ដល់​ជិត​២​ឆ្នាំ រឿង​គេច​ពន្ធ

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ​​កំពុង​តែ​ប្រឈម​នឹង​កាត់​ទោស​ ​ជាមួយ​នឹង​ឪពុក​របស់​ខ្លួន រឿង​គេច​ពន្ធ​ ​ដែល​អាច​នឹង​ជាប់​​ពន្ធនាគារ ​ដល់​ទៅ​២២​ខែ​ឯ​ណោះ។

1

​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ​មាន​ការ​លើក​ឡើង​ថា ក្រុម​ព្រះរាជអាជ្ញា​របស់​អេស្ប៉ាញ បាន​សម្រេច​​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​បញ្ហា​គេច​មិន​បង់ពន្ធរបស់​កីឡាករ Messi ហើយ​ ​និង​​នៅ​​​ស៊ើបអង្កេត​​លើ​ករណី​​ឪពុក Messi​ ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​កាល​ពី​យប់​មិញ​នេះ ក្រុម​ចៅក្រម​ បាន​បដិសេធ​ការ​លើក​ឡើង​របស់​ព្រះរាជអាជ្ញា និង​បន្ថែម​ថាកីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ មិន​អាច​រួច​ខ្លួន​ទេ ពោល​គឺ​​នឹង​ត្រូវ​ប្រឈម​​មុខ​នឹង​ច្បាប់​ដូច​គ្នា​ ​ជាមួយ​ឪពុក​របស់​គេ​ លោក Jorge Messi។

​Messi​ និង​ឪពុក​ នឹង​ត្រូវ​ឡើង​តុលាការ​​​ព្រម​គ្នា ដើម្បី​បំភ្លឺ​រឿង​នេះ ហើយ​បើ​ចៅក្រម​ស្វែង​រក​ឃើញ​ថា ពិត​ជា​បាន​ប្រព្រឹត្តិ​កំហុស​​ឆ្គង​មែន​នោះ ម្ចាស់​ពាន​ Ballon d’Or ​៤​សម័យ​កាល​រូប​នេះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ ២២​ខែ។

2

រំលឹក​ផង​ដែរ​ថា Messi និង​ឪពុក បាន​​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បន្លំ​មិន​បង់ពន្ធ​ឲ្យ​អាជ្ញាធរ​អេស្ប៉ាញ ដែល​មាន​​តម្លៃ​​ទឹកប្រាក់​ប្រមាណ ៥លានដុល្លារ​អាមេរិក។ ​ក្រុម​ព្រះរាជអាជ្ញា​ចោទប្រកាន់ លោក Jorge​​ ​និង​​កីឡាករ​ក្រុម​ Barca​ ថា​​បាន​គេច​មិន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ កាល​ពី​ចន្លោះ​ឆ្នាំ​​២០០៧ និង២០០៩៕

សៀវភៅ​ល្អៗ ទាំង​ ១០ ក្បាល​សម្រាប់​​អ្នក​មាន​មហិច្ឆតា​​ចង់​​វិនិយោគ



ចំពោះ​ប្រិយមិត្ត​ដែល​ចង់​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ ពី​ការ​វិនិយោគ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន សូ​​មកុំ​មើល​រំលង​សៀវភៅ​ ទាំង ​១០​ក្បាល​ ខាងក្រោម​នេះ​ឲ្យ​សោះ ព្រោះ​​គេ​បាន​ចាត់ទុក​ថា វា​ពិត​ជា​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​វិនិយោគ​​នៅ​សតវត្ស​ទី​២១​នេះ​។

អ្នក​​អាន​ជា​ច្រើន ជា​ពិសេស​អ្នក​ជំនួញ និង​ មហាសេដ្ឋី​មួយ​ចំនួន​ដូច​ជា លោក Bill Gates និង Warren Buffett សុទ្ធតែ​ធ្លាប់​បាន​អាន​សៀវភៅ​ទាំង​នេះ​​ ដោយ​កោតសរសើរ​ថា ពិត​ជា​មាន​តម្លៃ​គួរឲ្យ​ទុក​ចិត្ត​បាន។

យ៉ាងណា​ក៏ដោយ TheBNEWS សូម​លើក​យក​តែ​ឈ្មោះ​ចំណង​ជើង​សៀវភៅ​ទាំង​ ១០ ក្បាល​នេះ ​​មក​បង្ហាញ​មិត្ត​អ្នកអាន​នៅ​ពេល​នេះ​តែ​ប៉ុណ្ណោះ ហើយ​ដើម្បី​ចង់​ដឹង​ពី​ខ្លឹមសារ​សៀវភៅ​ទាំង​នេះ​ មាន​អត្ថន័យ​យ៉ាងណា​ លោក​អ្នក​អាច​រក​ទិញ​បាន​នៅ​គេហទំព័រ Amazon.com ឬ​ នៅ​តាម​បណ្ណាគារ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខ្លួន​ឯង។ ​

១) The Intelligent Investor (Revised Edition)
(អ្នក​វិនិយោគ​ដ៏​ឆ្លាតវៃ) និពន្ធ​ដោយ​លោក Benjamin Graham​
ដោយ​ពណ៌នា​ថា ជា​សៀវភៅ​ល្អ​បំផុត​​មិន​ធ្លាប់​មាន​សម្រាប់​អ្នក​វិនិយោគ សៀវភៅ “The Intelligent Investor” គឺ​ជា​ស្នាដៃ​របស់​លោក Benjamin Graham​ អ្នក​វិនិយោគ​ល្បីល្បាញ​របស់​អាមេរិក។ អ្នកនិពន្ធ​រូប​នេះ​ បាន​បញ្ជាក់​ថា មេរៀន​​ទី​៨ និង ទី ២០ គឺ​​បាន​បង្ហាញ​ពី​សកម្មភាព​វិនិយោគ​ទាំងស្រុង​របស់​លោក​អស់​រយៈ​ពេល​ ៦០​ឆ្នាំ​មក​នេះ​ក្នុង​ទីផ្សារ​ជំនួញ។

២) Fooled 
(ភាព​ភ្លីភ្លើ)និពន្ធ​ដោយ​លោក Randomness Nassim និង Nassim Taleb
តាម​ការ​អះអាង​របស់​អ្នក​និពន្ធ​សៀវភៅ​នេះ ​​បាន​លាតត្រដាង​ឡើង​​ពី​​ការ​ពិត​​ និង ​ភាព​​សង្ស័យ​ឬ ភាព​មិន​ប្រកដប្រជា​​ទាំងឡាយ​ដែល​កំពុង​មាន​វត្តមាន​លាយឡំ​ជា​មួយ​​មនុស្ស​ជា​រៀងរាល់ថ្ងៃ។ អ្នក​វិនិយោគ​គួរ​ទិញ​សៀវភៅ​នេះ ព្រោះ​ថា ខ្លឹមសារ​របស់​អ្នក​និពន្ធ​បាន​បង្ហាញ​យ៉ាង​ជាក់លាក់​ពី​យុទ្ធសាស្ត្រ​លុប​បំបាត់​ភាព​ស្រពិចស្រពិល និង ជំនឿ​ដែល​​គ្មាន​ហេតុផល​នាំ​ទៅ​រក​ភាព​ជោគជ័យ​បាន​។​​​

៣) The Most Important Thing 
(វត្ថុ​ដែល​ល្អ​​បំផុត) និពន្ធ​ដោយ​លោក Howard Marks
សៀវភៅ “The Most Important Thing” ត្រូវ​បាន​គេ​ចាត់ទុក​ថា ​ជា​សៀវភៅ​ដ៏​មាន​តម្លៃ​​​ជា​ពិសេស​សម្រាប់​អ្នក​វិនិយោគ។ ក្រោម​ការ​សម្រិតសម្រាំង​និពន្ធ​ឡើង​យ៉ាង​ល្អ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ សៀវភៅ​​របស់​អ្នកនិពន្ធ​ជនជាតិ​​វេល​ (Welsh)​ ​រូប​នេះ​ មិន​ត្រឹមតែ​បង្ហាញ​ពី​វិធីសាស្ត្រ​ធ្វើ​ជំនួញ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​វិធីសាស្ត្រ​​ត្រិះរិះ​ពិចារណា​​ផង​ដែរ (Critical Thinking)។

៤) Poor Charlie’s Almanack 
​និពន្ធ​ដោយ​លោក​ Charlie Munger
ជា​​ស្នា​ដៃ​របស់​លោក Charlie Munger មូលធនិក​ដ៏​ពូកែ​របស់​អាមេរិក អត្ថន័យ​នៅ​ក្នុង​សៀវភៅ “Poor Charlie’s Almanack” ​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទស្សនៈ​ដ៏​មាន​តម្លៃ​ជា​ច្រើន​របស់​លោក ដែល​គេ​ជឿជាក់​ថា អាច​ជួយ​ឲ្យ​​អ្នក​អាន​កាន់តែ​មាន​ភាព​ឆ្លាតវៃ​ជាង​មុន។ ប្រាជ្ញា និង ឧត្តមគតិ​សំខាន់ៗ​គឺ​​មាន​នៅ​គ្រប់​ទំព័រ​នៃ​សៀវភៅ​នេះ ដែល​មាន​សារសំខាន់​បំផុត​សម្រាប់​ការ​គិត និង ការ​សម្រេចចិត្ត។

៥) Common Stocks and Uncommon Profits 
និពន្ធ​ដោយ​លោក ​ Philip Fisher
មហាសេដ្ឋី​​អាមេរិក​លោក Warren Buffett ​ធ្លាប់​និយាយ​ថា​ ក្នុង​ខ្លួន​លោក​មាន​លោក​ Benjamin Graham ​ចំនួន ​៨៥% និង លោក Philip Fisher ១៥%។ នេះ​មាន​ន័យ​ថា​សៀវភៅ​របស់​លោក Benjamin Graham​ ដែល​មាន​ចំណង​ជើង​ថា “The Intelligent Investor” ខាងលើ​ និង សៀវភៅ​ “Common Stocks and Uncommon Profits” របស់​លោក​​ Philip Fisher ​នេះ​​បាន​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​​ការ​វិនិយោគ​របស់​លោក។

៦) The Dao of Capital
និពន្ធ​ដោយ​លោក Mark Spitznagel
​សម្រាប់​អ្នក​វិនិយោគ​សម័យ​ថ្មី ក៏​មិន​គួរ​មើល​រំលង​សៀវភៅ​នេះ​ដែរ ព្រោះ​ថា​វិធីសាស្ត្រ​សំខាន់​ស្តី​ពី​ការ​វិនិយោគ​យ៉ាង​ជោគជ័យ​ក៏​មាន​នៅ​ក្នុង​សៀវភៅ ​​”The Dao of Capital” នេះ​ដែរ។ លោក Mark Spitznagel បាន​បង្ហាញ​ពី​ហានិភ័យ​ក្នុង​អាជីវកម្ម​ និង ​វិធីសាស្ត្រ​ទប់ទល់​នឹង​​ហានិភ័យ​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព ត្បិត​អី​លោក​ក៏​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​មួយ​រូប​របស់​អាមេរិក​ផង​នោះ។​​​

៧) Buffett: The Making of an American Capitalist
(ការ​បង្កើត​មូលធន​អាមេរិក) និពន្ធ​ដោយ​លោក Roger Lowenstein
មិន​ខុស​ពី​សៀវភៅ​នានា​ដែល​បាន​រៀបរាប់​ខាងលើ ​សៀវភៅ “The Making of an American Capitalist” ត្រូវ​បាន​គេ​អះអាង​ថា អាច​ប្រែក្លាយ​អ្នក​​អ្នក​​ទៅ​ជា​វិនិយោគិន​ដ៏​ក្លាហាន​ក្នុង​អាជីវកម្ម ឬ មុខ​ជំនួញ​របស់​ខ្លួន​បាន។ គោលការណ៍ និង​យុត្តិសាស្ត្រ​វិនិយោគ​ដ៏​មាន​តម្លៃ​របស់​​មហាសេដ្ឋី​អាមេរិក Warren Buffett មាន​វត្តមាន​ជា​សំខាន់​នៅ​ក្នុង​សៀវភៅ​​របស់​អ្នកនិពន្ធ​អាមេរិកRoger Lowenstein ​​រូប​នេះ។

៨) The Outsiders: Eight Unconventional CEOs and Their Radically Rational Blueprint for Success
និពន្ធ​​ដោយ​លោក William N. Thorndike
សៀវភៅ​​ខាងលើ​​ក៏​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​សៀវភៅ​ដ៏​ល្អ​បំផុត​មួយ​​ផង​ដែរ សម្រាប់​អ្នក​វិនិយោគ ត្បិតអី​អ្នក​ជំនួញ និង ប្រធាន​ក្រុមហ៊ុន​​ជោគជ័យ​ចំនួន ​៨​ រូប ត្រូវ​បាន​​លាតត្រដាង​នៅ​ក្នុង​សៀវភៅ​នេះ។ មិនតែប៉ុណ្ណោះ គោលការណ៍​គ្រឹះ និង យុទ្ធសាស្ត្រ​សម្រាប់​ធ្វើ​ជំនួញ​របស់​​បុគ្គល​ល្បីៗ​ទាំង​នោះ​ ក៏​​លោក William N. Thorndike លើក​យក​មក​បង្ហាញ​ផង​​ដែរ​ដល់​អ្នក​អាន​ទាំង​អស់។

៩)The Misbehavior of Markets: A Fractal View of Financial Turbulence
និពន្ធ​ដោយ​លោក​ Benoit Mandelbrot
​អ្វី​ដែល​ចាប់​អារម្មណ៍​នៅ​ក្នុង​សៀវភៅ​នេះ​ ​អ្នក​និពន្ធ​​គណិត​វិទូ​អាមេរិក​ខាងលើ បាន​លើកឡើង​​ទ្រឹស្ដី​សំខាន់ៗ​ដែល​រិះគន់​​ប្រឆាំង​ទៅ​​នឹង​ទ្រឹស្ដី​ហិរញ្ញវត្ថុ​នៅ​ពេល​បច្ចុប្បន្ន​។ ​លោក​ Benoit បាន​ពណ៌នា​ថា “The Misbehavior of Markets”ជា​សៀវភៅ​​ហិរញ្ញវត្ថុ​ល្អ​បំផុត​​គ្មាន​គូ​ប្រៀប​សម្រាប់​អ្នក​វិនិយោគ។ ប្រិយមិត្ត​អាច​រក​ទិញ​បាន​នៅ​គេហទំព័រ Amazon.com។

១០) Why Stocks Go Up and Down
(ហេតុអ្វី​បាន​ជា​ភាគហ៊ុន​កើន​ឡើង និង ​ធ្លាក់ចុះ) ​និពន្ធ​ដោយលោក William Pike
​សៀវភៅ​នេះ ​ផ្ដោត​សំខាន់​លើ​​ការ​វិនិយោគ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន និង សញ្ញាប័ណ្ណ (Equity and Bond​)។ ​អ្នក​​ដែល​ចង់​ស្វែង​យល់​ពី​​គោលការណ៍​គ្រឹះ​មួយ​ចំនួន​ពី​មុខវិជ្ជា​គណនេយ្យ(Accounting)​​ ក៏​​​មាន​នៅ​ក្នុង​សៀវភៅ​របស់​លោក William Pike ​នេះ​ដែរ៕

គន្លឹះទាំង ៥​មាន​ប្រសិទ្ធភាព​ជួយបំបាត់​​ស្ត្រេស​​នៅ​កន្លែងធ្វើការ



ជា​ធម្មតានៅពេល​ដែល​មាន​ការងារ​​ច្រើន​ត្រូវ​បំពេញ បុគ្គលិក​ភាគច្រើន​តែង​មាន​អារម្មណ៍​ស្មុគស្មាញ និង តានតឹង​ជានិច្ច ជា​ហេតុ​ធ្វើ​ឲ្យ​បរិយាកាស​នៅ​កន្លែង​ការងារ​មិន​សូវ​ល្អ​ឡើយ។ ដោយសារ​តែ​បញ្ហា​ទាំង​នេះ វា​តែង​ធ្វើ​ឲ្យ​បុគ្គលិក​​ឆាប់​ខឹង និង ឆេវឆាវ ពេល​ខ្លះ​អាច​បង្ក​ជា​បញ្ហា​ផ្សេងៗ​ទៀត​​ដែល​មិនមែន​ត្រឹមតែ​នៅ​កន្លែង​ធ្វើ​ការ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បង្ក​បញ្ហា​នៅពេល​ទៅ​ទៅ​​ដល់​​ផ្ទះ​ទៀត​ផង។

ដូច្នេះ ប្រសិនបើ​អ្នក​ជួប​បញ្ហា​បែប​នេះ អ្នក​គួរតែ​ព្យាយាម​ដោះស្រាយ​វា​ឲ្យ​ទាន់ពេល ព្រោះ វា​ពិត​ជា​ចាំ​បាច់​ខ្លាំង​ណាស់ ក្នុង​ការ​ជៀសវាង និង កាត់​បន្ថយ​ភាព​តានតឹង​ នៅ​កន្លែងធ្វើការ។ ដើម្បី​អាច​បញ្ចៀស​បញ្ហា​ដូច​បាន​រៀបរាប់​ខាង​លើ​បាន​ ​អ្នក​អាច​សាកល្បង​អនុវត្ត​តាម​គន្លឹះ​ទាំងនេះ៖

១) ទុក​ពេល​ខ្លះ​ដើម្បី​សម្រាក
ដោយសារ​តែ​ការងារ​ច្រើន និងស្មុគស្មាញ​ពេក ជាហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា តានតឹង​ខ្លាំង ហើយ​ក្នុង​ករណីនេះ បើ​អ្នក​នៅ​តែ​ព្យាយាម​ធ្វើ​វា​ត​ទៅ​ទៀត នោះ​លទ្ធផល​ការងារ​របស់​អ្នក​ក៏​មិន​បាន​ផល​វិជ្ជមាន​អ្វី​នោះ​ដែរ ហើយ​អារម្មណ៍​តានតឹង​កាន់​តែ​​ខ្លាំង​ឡើង​ៗ​។ ដូច្នេះ អ្នក​គួរ​ឆ្លៀតពេល សម្រាក​ខ្លះ​ ពោល​គឺ​ ពី ១០ ទៅ ១៥ នាទី ដើម្បី​បង្កើន​ថាមពល ក៏​ដូច​ជា​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ឡើងវិញ។

២) កុំ​ព្យាយាម​បន្ទោស​​ខ្លួនឯង
ជា​ធម្មតា នៅពេល​អ្នក​ធ្វើ​ការងារ​អ្វី​មួយ វា​ជៀស​មិន​ផុត​ពី​កំហុស​នោះ​ទេ។ ប្រសិនបើ​អ្នក​ព្យាយាម​ស្តី​បន្ទោស​លើ​ខ្លួន​ឯង​ខ្លាំង​ពេក វា​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​តានតឹង​ខ្លាំង​។ មនុស្ស​​យើង​មិន​អាច​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ហើយ​បើ​ព្យាយាម​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ខ្លាំង​បែប​នេះ អ្នក​គ្មាន​ថ្ងៃ​ធ្វើ​ការងារ​នោះ​ឲ្យ​ល្អ​បាន​ឡើយ។ ដូច្នេះ ជម្រើស​ដ៏​ល្អ គួរ​ណាស់​តែ​ចេះ​ផ្តល់​ឱកាស​ដល់​ខ្លួនឯង ក្នុង​ការ​កែប្រែ​កំហុស ព្រោះ​វា​ជា​ផ្លូវ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​សម្រេច​ការងារ​នោះ​ឡើង​វិញ។

៣) គិត​បែប​វិជ្ជមាន
​បើ​អ្នក​គិត​ បែបណាអ្នក​នឹង​ធ្វើ​វា​បែប​នោះ។ មានន័យថា ការ​គិត​បែប​អវិជ្ជមាន វា​ធ្វើ​ឲ្យ​សកម្មភាព​របស់​អ្នក​មាន​ភាព​អវិជ្ជមាន ជាពិសេស​នៅ​ពេល​កំពុង​មាន​បញ្ហា​ស្រាប់​ផង។ ដូច្នេះ បើ​អ្នក​គិត​បែប​អវិជ្ជមាន​ច្រើន វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ស្មុគស្មាញ ហើយ​ក៏​ធ្វើ​ឲ្យ​សមត្ថភាព​ក្នុង​ការ​គិត​ដោះ​ស្រាយ​បញ្ហា ​ចុះ​អន់​ខ្សោយ​ផង​ដែរ។ ​ដើម្បី​ស្តា​ស្ថានការណ៍ អ្នក​គួរ​បង្កើត​ទម្លាប់​គិត​បែប​វិជ្ជមាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្វីៗ​ប្រសើរ​ឡើងវិញ បើ​ទោះបីជា​អ្នក​កំពុង​ជួប​បញ្ហា​ស្មុគស្មាញ​ក្តី។

៤) ឆ្លៀត​ដើរ​លំហែកាយ​ខ្លះ
​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​​ អ្នក​គួរ​តែ​ទុក​ពេល​ខ្លះ​សម្រាប់​ខ្លួនឯង ក្នុង​ការ​ដើរកម្សាន្ត​ផ្សេងៗ ជាពិសេស​ការ​ទៅ​ស្រូប​យក​ខ្យល់​ធម្មជាតិ​នៅ​តាម​កន្លែង​ដែល​មាន​ដើមឈើ​ពណ៌បៃតង។ នៅពេល​ដែល​អ្នក បាន​លំហែកាយ នៅ​តាម​តំបន់​ធម្មជាតិ​ផ្សេងៗ​នោះ​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ និង កាត់​បន្ថយ​ភាព​តាន​តឹង​បាន​យ៉ាងច្រើន។

៥) ឆ្លៀតពេល​ហាត់ប្រាណ
ការហាត់​ប្រាណ ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​ មនុស្ស ព្រោះ​ប្រសិន​បើ​គ្មាន​សុខភាព​មាំមួន​ទេ ជាទូទៅ​​​អ្នក​​ពិត​ជា​គ្មាន​អារម្មណ៍​ណា​ដើម្បី​គិតគូរ​លើ​កិច្ចការ​អ្វី​មួយ​ឲ្យ​ល្អ​នោះ​ទេ។ នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​តានតឹង​នៅ​កន្លែង​ការងារ ​អ្នក​អាច​ឆ្លៀត​ពេល​ខ្លះ​ដើម្បី​ទៅ​ធ្វើ​លំហាត់​ប្រាណ ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍ ប្រសើរ​ជាង​មុន៕

មេរៀន​ ៦យ៉ាង ធ្វើ​ឲ្យ​អាជីវកម្ម​ថ្មី​ថ្មោង​​ ដួល​ទៅ​វិញ​ដោយ​ងាយៗ!



មនុស្ស​ម្នាក់ៗ​តែង​រំពឹង​ថា ការ​បង្កើត​អាជីវកម្ម​ នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ កាន់​តែ​ប្រសើរ ព្រោះ​ជំនួញ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ទៅ​ជា​អ្នក​មាន​ឆាប់​រហ័ស ប្រសិន​បើ​ជោគជ័យ។ ប៉ុន្តែ​ការ​ធ្វើ​ជំនួញ មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​អ្នក​អាច​នឹង​បរាជ័យ​​ស្ទើរ​​គ្រប់ពេល ជាពិសេស​ នៅ​ពេល​ចាប់​ផ្តើម​ធ្វើ​ដំបូងៗ។

វា​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​មុខ​ជំនួញ​ថ្មី​ដែល​ទើប​បើក​​ ​ប្រឈម​នឹង​បញ្ហា​។ ក្នុង​ស្ថានភាព​នេះ ប្រសិនបើ សហគ្រិន​មាន​សមត្ថភាព​គ្រប់គ្រាន់ និងគិតគូរ​យ៉ាង​ល្អិត​ល្អន់​ អាជីវកម្ម​ថ្មី​នឹង​អាច​ហែល​ឆ្លង​ផុត បញ្ហា​ទាំង​នោះ។ ផ្ទុយទៅវិញ បើ​គ្មាន​សមត្ថភាព​ទេ អាជីវកម្ម​នោះ​នឹង​ត្រូវ​រលាយ​ទៅ​វិញ​ក្នុង​រយៈ​ប៉ុន្មាន​ខែ​ក្រោយ​ប៉ុណ្ណោះ។

តើ​មាន​មូលហេតុ​អ្វី ដែល​ធ្វើ​ឲ្យ​អាជីវកម្ម ឬ ជំនួញ​ថ្មី ងាយ​នឹង​បរាជ័យ​បែប​នេះ? មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ថ្មី​របស់​អ្នក បរាជ័យ​មាន​ដូចជា៖

១) គ្មាន​ផែន​ការ​ច្បាស់លាស់
ផែនការ គឺជា​គោល​សំខាន់ៗ​ដែល កំណត់​យ៉ាង​ច្បាស់​អំពី​ផ្លូវ​ដែល​ត្រូវ​ដើរ និង វិធី​ត្រូវ​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ។ ជាទូទៅ អ្នក​ដែល​គ្មាន​បទពិសោធន៍​ធ្វើជំនួញ តែង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​នេះ ព្រោះ​ពួក​គ្រាន់​តែ​ចង់​បង្កើត​ជំនួញ​មួយ​ឲ្យ​ជោគជ័យ តែ​គេ​មិន​មាន​ចំណេះដឹង ឬ​បទពិសោធន៍​គ្រប់គ្រាន់​​ក្នុង​ការ​រៀប​ចំ​ផែនការ​ឡើយ។

២) កំណត់​ទីផ្សារ​ខុស
មុន​នឹង​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម សហគ្រិន​គ្រប់រូប​ចាំបាច់​ត្រូវ​កំណត់​ទីផ្សារ​ជា​មុន​សិន ថា​តើ​ត្រូវ​ផលិត​អ្វី​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ។ ទីផ្សារ​គោលដៅ ​គឺ​ជាផ្លូវ​ដែល​នាំ​ឲ្យ​ផលិតផល​ ​អាច​ដំណើរ​ការ​ល្អ​លើ​ផ្សារ ព្រោះ​ផលិតផល​របស់​អ្នក​ ​នឹង​លក់​មិន​ដាច់​នោះ​ទេ ប្រសិន​បើ​គ្មាន​តម្រូវ​ការ​ច្បាស់​លាស់​លើ​ទីផ្សារ។ ដូច្នេះ ការ​កំណត់​ទីផ្សារ​ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​អាជីវកម្ម​ថ្មី​ថ្មោង។ ភាគ​ច្រើន ​អ្នក​ដែល​គ្មាន​បទពិសោធន៍​ក្នុង​ការ​ធ្វើ​អាជីវកម្ម​តែងតែ ជួប​ប្រទះ​​បញ្ហា​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ខិត​ខំប្រឹង​ប្រឹង​​ប្រែង​របស់​ពួក​គេ​បរាជ័យ ព្រោះ​តែ​កំណត់​ទីផ្សារ​ខុស​គោលដៅ។

៣) បញ្ហា​ហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ ព្រោះ​វា​ជា​ផ្នែក​ដ៏​សំខាន់​​ដែល​ធ្វើ​ឲ្យ​អ្វីៗ ​ដំណើរ​ការ​ទៅ​មុខ​បាន​យ៉ាង​ល្អ។ ប្រសិន​បើ​អ្នក​មិន​អាច រៀប​ចំ​ឲ្យ​បាន​ល្អ​ថា តើ​ត្រូវ​ប្រើ​ទឹក​ប្រាក់​ប៉ុន្មាន​ដើម្បី​ឲ្យ​ជំនួញ​ថ្មី​នេះ​ដំណើរ​ការ​ល្អ​ វា​ប្រាកដ​ជា​មាន​បញ្ហា​ជា​ច្រើន។
៤) ភាព​ទុន​ខ្សោយ​ក្នុង​ការ​គ្រប់គ្រង
មិនថា អាជីវកម្ម​នោះ ជា​មាន​លក្ខណៈ​តូច ឬ ធំ​នោះ​ទេ ប្រសិន​បើ​សហគ្រិន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់ ក្នុង​ការ​គ្រប់គ្រង​ទេ​នោះ អ្វីៗ​ប្រាកដ​ជា​ត្រូវ​បរាជ័យ ព្រោះ​ដំណើរ​ការ​ក្នុង​អាជីវកម្ម​ពិត​ជា មាន​លក្ខណៈ​ស្មុគស្មាញ ហើយ​ត្រូវ​ទាមទារ​ពេល​ពេលា និង ការ​អត់ធ្មត់​ដើម្បី​សិក្សា ដូចជា ផ្នែក​ធនធាន​មនុស្ស ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​ផលិត​កម្ម​ជា​ដើម។ ដូច្នេះ បើ​អ្នក​មិន​អាច​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ទេ មិន​យូរ​ប៉ុន្មាន​អាជីវកម្ម​ថ្មី​នោះ​នឹង​ដួល​ជា​មិន​ខាន។

៥) គ្មាន​គំនិត​ច្នៃប្រឌិត
ដើម្បី​ទទួល​បាន​ជោគជ័យ អាជីវកម្ម​ថ្មី​ត្រូវ​តែ​មាន​អ្វី​ដែល​ថ្មី និង ប្លែក​​ខុស​ពី​គូ​ប្រកួត​​សម្រាប់​អតិថិជន ព្រោះ​ចំណុច​នេះ អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​បាន​យ៉ាង​រហ័ស។ ដូច្នេះ​សហគ្រិន​គ្រប់​រូប ត្រូវ​តែ​មាន​គំនិត​ឆ្នៃ​ប្រឌិត​ខ្ពស់ ដើម្បី​អាច​បត់បែន​តាម​កាលៈទេសៈ។ ផ្ទុយទៅវិញ ​​បើ​អ្នក​គ្មាន​គំនិត​ច្នៃ​ប្រឌិត​នោះ​ទេ វា​ជា​រឿង​ដ៏​លំបាក​បំផុត សម្រាប់​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​នេះ​ ជា​ពិសេស​បើ​អាជីវកម្ម​របស់​អ្នក​បង្កើត​ឡើង​មក​ក្រោយ​គេ​ ហើយ​យក​លំនាំ​តាម​គេ​ដោយ​គ្មាន​​អ្វី​ខុស​ប្លែក​ពី​គេ​ ច្បាស់​ណាស់​ថា​ អាជីវកម្ម​អ្នក​នឹង​បរាជ័យ។

៦) ឆាប់​បាក់​ទឹក​ចិត្ត
ដូច​ដែល​បាន​ដឹង​ហើយ​ថា នៅ​ពេល​អាជីវកម្ម​ថ្មី​ត្រូវ​បង្កើត​ឡើង​នោះ វា​ប្រាកដ​ជា​មាន​បញ្ហា​ជាច្រើន ដូច្នេះ​ប្រសិន​បើ​សហគ្រិន​មិន​តស៊ូ ដោះស្រាយ​បញ្ហា​ទេ​នោះ មាន​ន័យ​ថា អាជីវកម្ម​ថ្មី​នេះ​មិន​អាច​ទៅ​មុខ​ទៀត​ឡើយ។ ពេលខ្លះ វា​មិន​មែន​ជា​បញ្ហា​លំបាក​ខ្លាំង​ពេក​ទេ តែ​ដោយសារ​តែ​អ្នក​គ្មាន​ទំនុក​ចិត្ត​រឹងមាំ​លើ​ខ្លួន​ឯង ដូច្នេះ​អ្នក​ក៏​សម្រេច​ចិត្ត​បោះបង់​វា ដែល​នេះ​គឺ​ជា​ចំណុច​អវិជ្ជមាន​មួយ ដែល​ត្រូវ​តែ​គិត​ឡើង​វិញ៕

កំហុស៥ប្រការដែលធ្វើឲ្យអ្នកមិនអាចក្លាយជាអ្នកមាន



ការបង្កើតជំនួញទាំ៧ចំនុចតាមរយៈអនឡាញ គឺជារឿងមិនអាចទៅរួចមួយកាលពី១០ ឫ ៥ឆ្នាំកន្លងទៅប៉ុន្តែប្រព័ន្ធបច្ចេកវិទ្យាបានផ្លាស់ប្តូរពិភពលោក ហើយវាមាន៧ចំនុចដែលយើងអាចរកកម្រៃបានប្រសើរជាងមុន ។ មហាសេដ្ឋីពិភពលោកសរុបចំនួន ៩.៦ លាននៅក្នុងឆ្នាំ២០១៣ ប៉ុន្តែនៅក្នុងឆ្នាំ២០១៥ បានកើនរហូតដល់ ១០.២ លាន ។ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា ធនធាន ការជួយជ្រោមជ្រែង ការសិក្សាស្រាវជ្រាវ និងព័ត៌មានដែលមាន បានជួយសម្រួលឲ្យមានភាពងាយស្រួលជាងមុន ។

ប៉ុន្តែជាអកុសល ពួកគេមិនទាន់សម្រេចបានជំហានទាំង៧ នោះនៅឡើយទេ។ តើហេតុអ្វី? ការសិក្សាមិនមែនជាបញ្ហាសម្រាប់ពួកគេនោះទេ ហើយភាពខ្វះនូវព័ត៌មានក៏មិនមែនជាបញ្ហានោះដែរ ព្រោះការសិក្សានិងការទទួលបានចំណេះដឹងមានច្រើនជាងមុនលើសលប់ ។

អ្វីជាការពិតនោះគឺខ្វះការយល់ដឹង និងការសិក្សាដែលទទួលបានព័ត៌មានត្រឹមត្រូវដែលរួមបញ្ចូលទាំងការចង់ចេះចង់ដឹង និងការជម្រុញបន្ថែម ។ អ្នកមិនត្រូវស្តាប់អ្វីមួយហើយចងចាំនោះទេ អ្នកត្រូវតែផ្សំគំនិតទាំងអស់នោះជាយុទ្ធសាស្រ្តមួយ ដែលមានការអនុវត្តជាក់លាក់ ហើយធ្វើការអនុវត្តយុទ្ធសាស្រ្តទាំងអស់នោះឲ្យក្លាយជាទំលាប់ និងស្វ័យប្រវត្តិ ។ អ្នកត្រូវតែសង្ខេបគំនិតល្អៗ និងដុះខាត់ទស្សនៈវិស័យរបស់អ្នក បន្ទាប់មកជ្រើសរើសយកយុទ្ធសាស្ត្រណាដែលល្អជាងគេ ។

វាមានហេតុផលជាច្រើនដែលមនុស្សភាគច្រើនមិនទទួលបានជោគជ័ក្នុងចំនុចទាំង៧ ហើយខាងក្រោមនេះជាចំនុចសំខាន់បំផុតទាំងប្រាំ៖

១. ផ្តោតទៅលើការស្ទាត់ជំនាញ កុំផ្តោតទៅលើការធ្វើពិសោធន៍
ការស្វែងរកភាពឥតខ្ចោះបានបាត់បង់ថវិការជាង $ 100,000 ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ នៅពេលដែលសេដ្ឋីបានសាកល្បង និងធ្វើតេស្តពិសោធន៍ផ្សេងគ្នាចំនួនប្រាំបីដោយមិនបានផ្តោតលើកភាពឥតខ្ចោះដែលមនុស្សភាគច្រើនមិនបានសូម្បីតែដឹងអំពីទីផ្សារនៅឡើយទេ ។ ប្រហែលជាការធ្វើពិសោធន៍ពីររបស់ពួកគេបានធ្វើការសាកល្បងហើយត្រូវបានគេចាត់ទុកថាមានផលចំណេញ ។

ករណីនេះមិនត្រូវបានពួកគេពិចារណាលើភាពដោយឥតខ្ចោះនោះទេ ប៉ុន្តែត្រូវបានជម្រុញដោយការធ្វើតេស្ត ។ សូមធ្វើការសាកល្បងរាល់គំនិតរបស់អ្នកទាំងអស់ ទោះបីគំនិតទាំងអស់នោះស្តាប់ទៅមិនសមហេតុផលប៉ុណ្ណាក៏ដោយ ។

វែងរកថាតើគំនិតមួយណាមានប្រសិទ្ធភាព ហើយសាកល្បងរាល់ គំនិតទាំងអស់នោះ ហើយស្វែងរកគំនិតណាមួយដែលល្អបំផុត ។ គំនិតមួយអាចទទួលបានជោគជ័យលុះត្រាយើងប្រតិបត្តិនិងបង្ហាញឱ្យឃើញ ។

២. គំនិតមួយចំនួនដែលគួរគិត
“កាលណាអ្នកគិតពីសន្តិភាពជាចម្បង អ្នកនឹងឃ្លាតឆ្ងាយពីសង្គ្រាម”
ការខកខានឲកាសដ៏ធំមួយរបស់សហគ្រិន គឺមិនរៀបចំគម្រោងមួយដែលដែលគេចង់បាន ។ ជាការពិតវានឹងផ្តល់ឲ្យមនុស្សស្គាល់ពីលទ្ធផលដែល ពួកគេបានខិតខំប្រឹងប្រែង ។

ចំពោះករណីនេះ ពួកគេបានប្រតិបត្តិផ្ទុយពីគោលការណ៍របស់វិស្វករឲ្យទៅជាសេរី និងជាជំហានៗ បន្ទាប់មកដាក់ឲ្យក្លាយទៅជាគម្រោងមួយជាក់លាក់ ។ យុទ្ធសាស្រ្តនៃការគិតពីរយៈពេលវែងទៅអនាគត អាចជួយទប់ស្កាត់នូវកំហុសដោយអចេតនា ក្នុងខណៈដែលអ្នកបង្កើនការព្យាករណ៍របស់អ្នក ។

នៅពេលដែលអ្នកដឹងពីទង្វើរទាំងអស់ដែលអ្នកធ្វើ អ្នកអាចកាត់បន្ថយនូវហានិភ័យ ហើយអាចធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ។ គ្រោងនូវយុទ្ធសាស្រ្តយូរអង្វែងរបស់អ្នក មុនពេលដែលអ្នកគិតអំពីវិធី ។

វិធីអាចបង្ហាញពីរបៀបទទួលបានយុទ្ធសាស្រ្តដ៏ជោគជ័យ ។ អ្នកនឹងគ្មានយុទ្ធសាស្ត្រដ៏ជាក់លាក់មួយប្រសិនបើអ្នក មិនយកវា ទៅសាកល្បងនោះទេ អ្វីដែលអ្នកមានគម្រោងនឹងធ្វើវាពិតជាបញ្ហាមួយដែលកើតមាន និងសក្តានុពល របស់អតិថិជន ចំនុចមួយផ្សេងទៀតនោះ មានចំនុចពិសេសជាងដៃគូរប្រកួតប្រជែងរបស់អ្នក។ 

៣. ភាគច្រើនមិនបានរៀនពីរបៀបផ្ទេរបញ្ញា
ការចូលចិត្តឲ្យអ្នកដទៃធ្វើអ្វីមួយប្រសើរជាងខ្លួនឯងធ្វើ គឺជាបញ្ហាលំបាកមួយដើម្បីក្លាយជាអ្នកដឹងនាំ ប៉ុន្តែវាជាការចាំបាច់ប្រសិនបើអ្នកនឹងបង្កើននូវជំនួញអតីតកាលទាំង៦ចំនុច ។ មុនពេលដែល អ្នកមានយុទ្ធសាស្ត្ររបស់អ្នកអាចផ្ទេរទៅឲ្យអ្នកដទៃបាន និងបង្កើតជាក្រុមអ្នកត្រូវ យល់ថាតើអ្នកជានណា ហើយតើអ្វីសំខាន់បំផុតរបស់អ្នក ។ នៅពេលដែលអ្នកយល់ពីតម្លៃដែលសំខាន់បំផុត ធ្វើការកត់ត្រានូវតម្លៃនោះទុក និងដាក់ពួកគេឲ្យក្លាយទៅជាក្រុមហ៊ុនស្តង់ដារមួយ ។

ជាទូទៅអ្នកត្រូវដាក់វាឲ្យទៅជាប្រព័ន្ធ ហើយទទួលយកគំនិតទាំងនោះ ។ ក្រុមរបស់អ្នកត្រូវតែមានតម្លៃបំផុត ប្រសិនបើនណាម្នាក់អាចធ្វើអ្វីមួយបាន៨០ភាគរយដូចជាអ្នក ពួកគេគួរតែធ្វើវា ។ នៅពេលដែលអ្នកទទួលបន្ទុកនូវការងារមួយ ត្រូវប្រាកដថាមនុស្សដែលអ្នកជួលត្រូវតែមានវិន័យជាក់លាក់ និងច្បាស់លាស់ ។

ភាគច្រើនសហគ្រិនជួលយ៉ាងរហ័យ ប៉ុន្តែបញ្ចប់ការងារយឺតបំផុត ។ វាគួរតែផ្ទុយវិញ ពិនិត្យឲ្យម៉ត់ចត់មុននឹងជួល នឹងបណ្តេញចេញពីការងារឲ្យបានលឿន ។

៤. ភាគច្រើនគឺធ្វើជំនួញខុស
មហាសេដ្ឋីជាច្រើនបានដឹងថាពួកគេនឹងមិនអាចធ្វើជំនួញដែលបង្កើនលុយបានច្រើននោះទេ ។ វាជារឿងធម្មតាមួយនៅពេលដែលអ្នកចាប់ផ្តើម ប៉ុន្តែចំនុចមួយចំនួនដែលអ្នកគួរតែផ្តោតលើនោះគឺ ចំនួននិងមធ្យមភាគ ។ អ្នកកំពុងតែប្រយុទ្ធដ៏ខ្លាំងក្លា ប្រសិនបើអ្នកកំពុងតែព្យាយាមប្រតិបត្តិជំនួញទាំង៧ចំនុចដើម្បីចំណេញថវិកានោះ ។

អ្នកនឹងមិនសម្រេចបាននូវចំនុចទាំងប្រាំ៧នោះទេប្រសិនបើអ្នកអនុវត្តបានតែ៦ចំនុចនោះ ។ ផ្តោតលើអំណាចនៃការជួញដូរ ហើយនឹងរបៀបដើម្បីបង្កើតលំនឹងនៃប្រាក់ចំនូលដោយមិនចាំបាច់គិតលើផលចំណេញ។

វាមានកត្តាជាច្រើនក្នុងការធ្វើវិនិយោគទុន សមាជិកភាព ការបណ្តាក់ទុន បង្កើនការជួញដូរតាមអនឡាញ ភាពជាដៃគូរចូលរួមទីផ្សារ តាមកម្មវិថីផ្សេងៗ -ល- ។

ចំណាយពេល មួយចំនួនដើម្បីវិភាគប្រសិនបើអ្នកបង្កើនពេលវេលារបស់អ្នក ។ ប្រសិនបើអ្នកធ្វើការជួញដូរនោះសម្រាប់តែលុយប៉ុណ្ណោះទេ អ្នកត្រូវតែច្បាស់មួយរយភាគរយថា វាគឺជាជំនួញមួយដ៏ឆ្លាតវៃ ។ ប្រសិនបើអ្នកចង់រកលុយឲ្យបានច្រើនអ្នកត្រូវតែធានាភាពនៅមានតម្លៃ ។

វាជាឧទាហរណ៍ដ៏សាមញ្ញមួយប្រសិនបើសហគ្រិនដែលយល់អំពី អំណាចនៃការគ្រប់គ្រង និងទំហំនៃជំនួញ ពួកគេនឹងក្លាយជាមហាសេដ្ឋីដោយនាំយកតម្លៃទៅលើទីផ្សារប្រសើរជាងការប្រកួតប្រជែង ។ 

៥. ភាគច្រើនគឺលោភលន់ដោយផ្តោតទៅលើអតិថិជនជាចម្បង
តើយើងសម្រចចិត្តបែបណា ទៅលើថាតើអ្វីជាសារៈសំខាន់សម្រាប់ធ្វើវា? ខ្ញុំចូលចិត្តហៅវាថា “ការសាកល្បងច្រាស់ដុះធ្មេញ” តើអតិថិជនរបស់យើងតែងតែប្រើវា ញឹកញាប់ដូចជាអ្នកប្រើច្រាស់ដុះធ្មេញ ដែរឫទេ? ខ្ញុំគិតថាប្រហែលជា២ទៅ៣ដងក្នុងមួយថ្ងៃ យើងប្រើ Gmail and YouTube ច្រើនជាង២ដងក្នុងមួយថ្ងៃ ទាំងនោះពិតជារឿងដ៏អស្ចារ្យមួយ ។ 

មនុស្សទូទៅភាគច្រើនតែងតែខ្វល់អំពីតើជំនួញរបស់អ្នកអាចជួយអ្វីបានខ្លះសម្រាប់ពួកគេ ។ សហគ្រិនភាគច្រើនតែងតែព្យាយាមលក់បទពិសោធន៍ និងជំនាញរបស់ពួកគេ ពួកគេមានជំនឿថា មនុស្សចង់ចំណាយលើពួកគេចំពោះអ្វីដែលពួកគេដឹង ប៉ុន្តែពួកគេមិនធ្វើវានោះទេ ។ ពួកគេចង់ទិញដំណោះស្រាយនិងផ្លែផ្កាសម្រាប់ដោះស្រាយបញ្ហារបស់ពួកគេនឹងតម្រូវការ ។ ពួកគេតែងតែចង់បានលទ្ធផល ពួកគេចង់ដោះស្រាយបញ្ហារបស់ពួកគេនិងដោះស្រាយទុក្ខកង្វល់របស់ពួកគេដែលកំពុងតែឆ្លងកាត់ ។ ពួកគេមិនខ្វល់ពីអ្នកឡើយ តើអ្នកពិតជាយល់ស៊ីជម្រៅ អំពីអ្វីដែលអតិថិជនចង់បាន ។

ទាំងនោះស្ថិតនៅក្នុងចំនុចទាំងប្រាំ៧ដែលហើយបានផ្តោតយ៉ាងខ្លាំងលើចំនុចទាំងនោះ ។ អ្នកត្រូវតែដឹងថា ការឆ្លើយតបទៅនឹងទីផ្សារពីព្រោះអ្នកចង់បានអ្វីមួយដែលមិនមាននៅលើទីផ្សារ ។  អតិថិជនរបស់អ្នកទាំងអស់គឺជាអ្នកបង្ហាញទីផ្សារដ៏ឆ្លាតវៃ ដូច្នេះអ្នកត្រូវច្បាស់ថាអ្នកត្រូវទទួលកតព្វកិច្ចនេះឲ្យបានល្អ ។

ស្វែងរកវីធីដើម្បីស្ទាបស្ទង់ពួកគេ ឫក៏និយាយជាមួយពួកគេពីអ្វីដែលគេត្រូវការ ចង់បាន ចំណង់ចំនូលចិត្ត តម្រូវការ ការព្រួយបារម្ភ -ល- ។ អតិថិជនចង់បានការកំសាន្ត ដំណើរកំសាន្តផ្ទាល់ខ្លួន តាមរយៈការលើកទឹកចិត្ត ។

តើអ្នកនឹងតម្រូវតាមដែរឫទេ? ខ្ញុំមានឪកាសច្រើនដងណាស់ដើម្បីយល់ចិត្តមហាសេដ្ឋីជាច្រើននៅលើផែនដី ហើយក៏មានមេរៀនមួយចំនួនដែលអ្នកអាចសិក្សារបានផងដែរ ឧទាហរណ៍ដ៏សាមញ្ញមួយអាចធ្វើឲ្យអ្នកផ្តូរទស្សនៈនិងអ្វីដែលអ្នកជួបប្រទះប្រចាំថ្ងៃ ។

អ្នកត្រូតែដឹងពីអី្វដែលរុញច្រានជំនួញរបស់អ្នកឲ្យដើរថយក្រោយ ។ បញ្ចូលការគិត សកម្មភាព យុទ្ធសាស្រ្ត យើងទៅតាមយន្តការថ្វីរបស់អ្នក ។

ជាចុងក្រោយដាក់បញ្ចូលរបៀបវារៈខាងលើដើម្បីឲ្យអ្នកដឹងថាអ្នកធ្វើការជាមួយវាអស់រយៈពេលយ៉ាងយូរ ខ្ញុំមានជំនឿជាក់ថាដោយការអនុវត្តបែបនេះអ្នកនឹងឃើញអត្ថប្រយោជន៍ទាំង៧ចំនុចរបស់ជំនួញច្បាស់លាស់ជាងមុន ។

លក្ខណៈសម្បត្តិ​​ទាំង ៣ បង្ហាញថា អ្នក​ជា​ចៅហ្វាយ​​ដ៏​អស្ចារ្យ!



ក្លាយ​ទៅ​ជា​ចៅហ្វាយ​នាយ​របស់​គេ គឺ​ជា​ក្តី​ប្រាថ្នា​ដែល​មនុស្ស​​​មួយ​ចំនួន​ធំ​​​ចង់​បាន ព្រោះ​វា​ជា​តួនាទី​ដ៏​ធំ និង អស្ចារ្យ។ នៅពេល​អ្នក​ក្លាយ​ជា​ចៅហ្វាយនាយ​ហើយ​ មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវធ្វើ ហើយ​វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​អ្នក​ត្រូវ​តែ​មាន​ទំនួលខុសត្រូវ​ខ្ពស់​ជាង​មនុស្ស​ដទៃ​ទៀត ជា​ពិសេស​​គឺ​​មុខងារ​​សម្រេច​ចិត្។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិនមែន​ជា​ចៅហ្វាយ​ដ៏​ឆ្លាត​វៃ ​ឬ អស្ចារ្យ​នោះ​ទេ ​បញ្ហា​ជា​ច្រើន​នឹង​កើត​មាន ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ខាតបង់​ធ្ងន់ធ្ងរ។

រឿង​សំខាន់​មួយ​ក្នុង​ចំណោម​រឿង​សំខាន់​ជា​ច្រើន ដែល​ចៅហ្វាយនាយ​ត្រូវ​តែ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នោះ គឺ ធ្វើ​យ៉ាងណា​ឲ្យ​បុគ្គលិក​ក្រោម​ការគ្រប់គ្រង​​របស់​ខ្លួន ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង អស់​ពី​កម្លាំង​កាយ​ចិត្ត។

ដូច្នេះ ដើម្បី​ក្លាយ​ទៅ​ជា​ចៅហ្វាយ​ដ៏​អស្ចារ្យ​ម្នាក់ អ្នក​ត្រូវ​មាន​ចំណុច​ជា​មូលដ្ឋាន​អ្វីខ្លះ?

១) គោរព និង ឲ្យ​តម្លៃ​លើ​បុគ្គលិក​របស់​ខ្លួន
មិនថា ជា​ការងារ​ប្រភេទ​អ្វី​នោះ​ទេ បើ​ទោះ​បី​ជា​អ្នក​ជា​ចៅហ្វាយ​ដែល​មាន​សមត្ថភាព​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ អ្នក​ពិត​ជា​មិន​អាច​ធ្វើ​ការងារ​ដោយ​ម្នាក់ឯង​ជោគជ័យ​នោះ​ទេ ព្រោះ​ទាល់​តែ​មាន​ការ​ចូលរួម​​​ការ​ខិតខំ​ប្រឹងប្រែង​​របស់​បុគ្គលិក​ទើប​សម្រេច​បាន។ ដូច្នេះ មិនថា​បុគ្គលិក​របស់​អ្នក​មាន​តំណែង ឬ តួនាទី​ជា​អ្វី​នោះ​ទេ តែ​ត្រូវ​គោរព និង ផ្តល់​តម្លៃ​លើ​ការងារ​របស់​ពួកគេ ព្រោះ​តម្លៃ​របស់​មនុស្ស​មិន​ស្ថិត​លើ​តំណែង​ទេ តែ​គឺ​ជា​លទ្ធផល​នៃ​ការងារ​ទៅវិញ។​ នៅ​ពេល​អ្នក​គោរព ឬ ផ្តល់​តម្លៃ​ដល់​បុគ្គលិក នោះ​អ្នក​ក៏​ទទួល​បាន​ការគោរព​ពី​បុគ្គលិក​​ដូច​គ្នា​ផង​ដែរ។ ក្នុង​ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​បុគ្គលិក​ទាំងអស់​ក្នុង​ក្រុមហ៊ុន ផ្តល់​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​វា​បង្ហាញ​ថា អ្នក​គឺ​ជា​ចៅហ្វាយនាយ​ដ៏​ឆ្លាតវៃ​ម្នាក់ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ខិតខំ​ធ្វើ​ការងារ និង សហការ​គ្នា​យ៉ាង​ល្អ។

២) ផ្តល់​ការ​ជឿជាក់
ការ​ជឿជាក់​ពិត​ជា​មាន​សារៈសំខាន់ ព្រោះ​មនុស្ស​ពិត​ជា​មិន​អាច​ធ្វើការ​ជា​មួយ​គ្នា​ឡើយ ប្រសិន​បើ​ខ្វះ​ការ​ជឿជាក់។ ក្នុង​នាម​ជា​ចៅហ្វាយ​របស់​គេ អ្នក​មិន​គួរ​បង្ហាញ​ថា អ្នក​មិន​ជឿជាក់​លើ​សមត្ថភាព​របស់​បុគ្គលិក​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ពួកគេ​បាក់​ទឹក​ចិត្ត និង​ មិន​អាច​បញ្ចេញ​សកម្មភាព​ល្អ​ឡើយ។ បុគ្គលិក​នឹង​មាន​អារម្ភ​ថា ខ្លួន​មិន​មាន​តម្លៃ​ទេ ព្រោះ​ខ្វះ​ការ​ជឿជាក់​ពី​ចៅហ្វាយ​នាយ​របស់​ខ្លួន។

ដូច្នេះ អ្នក​ត្រូវ​ទម្លាប់​ផ្តល់​ការ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អាច​លើក​ទឹកចិត្ត​ឲ្យ​បុគ្គលិក​គ្រប់​រូប​អាច​លះបង់​គ្រប់​យ៉ាង​ដើម្បី​ការងារ។

៣) ផ្តល់​ការ​គាំទ្រ​ និង ចេះ​អនុគ្រោះ 
ជា​រឿង​ធម្មតា​នោះ​ទេ នៅ​ពេល​ធ្វើការងារ​បុគ្គលិក​តែងតែ​ជួប​បញ្ហា​ផ្សេងៗ ដូច្នេះ​ក្នុង​នាម​អ្នក​ជា​ចៅហ្វាយ ត្រូវ​ធ្វើ​ជា​ជំហរ​ផ្តល់​ជា​ដំណោះស្រាយ និង ការណែនាំ​ផ្សេងៗ​ដល់​ពួក​គេ។ ប្រសិន​បើ​ចៅហ្វាយ យក​ចិត្ត​​ទុកដាក់​លើ​បញ្ហា​ទាំងនេះ អ្វីៗ​ក៏​មាន​លក្ខណៈ​ប្រសើរ​ផង​ដែរ។ ក្នុង​នោះ អ្នក​អាច​ជួយ​លើក​ទឹក​ចិត្ដ ហើយ​ពេល​ខ្លះ​ក៏​ត្រូវ​ផ្តល់​អ្វីៗ​ចាំបាច់​សម្រាប់​បុគ្គលិក​ ដូចជា​ការប្រាក់​រង្វាន់ ឬ​ដំឡើង​ប្រាក់​ខែ​ជាដើម។ លើស​នេះ​ទៅ​ទៀត ការ​អនុគ្រោះ​ដល់​បុគ្គលិក​ក៏​ជា​រឿង​សំខាន់​ផង​ដែរ ព្រោះ​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ ដូច្នេះ​គួរ​ផ្តល់​ឱកាស​ដើម្បី​កែខ្លួន៕

វិធីសាស្ត្រ​អន្ទងចិត្ត​​បុគ្គលិក​ល្អៗ​​​ ឲ្យ​នៅធ្វើការ​ក្នុង​​ក្រុមហ៊ុន​បាន​យូរអង្វែង



ការ​ទាញ​យក ឬ​ រក្សា​ទុក បុគ្គលិក​ឆ្នើម​ឲ្យ​​នៅ​​បម្រើ​ការងារ​​ក្នុង​ក្រុមហ៊ុន​មួយ​យូរអង្វែង​បាន​ក្លាយ​ជា​រឿង​មួយ​ស្មុគស្មាញ និង​សំខាន់​មួយ​ដែរ​​ សម្រាប់​វិស័យ​​អាជីវកម្ម​នៅ​ពេល​​បច្ចុប្បន្ន។ ក្រុមហ៊ុន​ជា​ច្រើន ​បាន​ប្រឈ​ម​​បញ្ហា​​ជ្រើសរើស​បុគ្គលិក​ជំនាញ​​មក​ជំនួស​កន្លែង​បុគ្គលិក​ចាស់​​របស់​ខ្លួន នៅ​ពេល​ដែល​បុគ្គលិក​ល្អ​ម្នាក់​នោះ ​សម្រេច​ចាកចេញ​ពី​ក្រុមហ៊ុន​របស់​ខ្លួន។

តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី?
បើ​លោក​អ្នក​ជួបប្រទះ​បញ្ហា​នេះ​មែន​ សូម​ស្វែងយល់​ពី​​វិធីសាស្ត្រ​ចំនួន ​៥ ​ខាងក្រោម​នេះ​ដែល​គេ​មើល​ឃើញ​​ជា​ទូទៅ​ថា អាច​រក្សាទុក​​បុគ្គលិក​ល្អៗ​ឲ្យ​នៅ​បម្រើ​ក្រុមហ៊ុន​មួយ​ដោយ​មិន​ចេះ​ងាករេ​បាន។ ​​​

១) ផ្តល់​បរិយាកាស​ល្អ​​នៅ​កន្លែង​ការងារ (Working Environment)
តើ​អ្នក​ធ្លាប់​ធ្វើ​ការ​​ជាមួយ​អ្នក​គ្រប់គ្រង​មួយ​ដែល​អង្គុយ​ចាំតែ​ស្ដីបន្ទោស ឬ​រអ៊ូរទាំ​ច្រើន​ដែរឬទេ? បើ​​ដូច្នេះ​មែន​នោះ​ ការ​ចាកចេញ​របស់​បុគ្គលិក​មួយចំនួន​ពី​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ។ នៅ​ពេល​ដែល​បរិយាកាស​ការងារ​​អាប់អួ​​​ដោយសារ​តែ​អ្នក​ដឹកនាំ​មួយ​ដែល​ខ្វះ​សុជីវធម៌ មិន​យល់​ចិត្ត​កូនចៅ ​និង​​ជះឥទ្ធិពល​ដល់​កន្លែង​ការងារ​ទាំងមូល​ជា​មិន​ខាន។

នៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ គេ​​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ណាស់​​ក្នុង​ការ​តែងតាំង​អ្នកដឹកនាំ​ណា​ម្នាក់។ យុទ្ធសាស្ត្រ​ដ៏​សំខាន់​​ និង​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​​ជ្រើសរើស ឬ ​បណ្តុះបណ្តាល​អ្នក​ដឹកនាំ​​មួយ​ដែល​មាន​គុណភាព មាន​សមត្ថភាព​គ្រប់គ្រង​ធនធានមនុស្ស​ច្បាស់លាស់ ជំនាញ និង ចំណេះដឹង​ទូលំទូលាយ អាច​អនុវត្ត​គម្រោង​នានា​តាម​ផែនការ​ដែល​បាន​កំណត់ ជា​ពិសេស​ការ​​ធ្វើ​ឲ្យ​បុគ្គលិក​នៅ​ក្រោម​បង្គាប់​មាន​ភាព​​ស្និទ្ធស្នាល​ក្នុង​កន្លែង​ការងារ​កាន់តែ​ច្រើន​ឡើង។ អ្នកដឹកនាំ​ល្អ​​ គឺ​ជា​បុគ្គល​ដែល​​ស្គាល់​ពី​ចិត្តសាស្ត្រ​របស់​មនុស្ស​ និង ផ្តល់​​ភាព​កក់ក្តៅ​ជានិច្ច​​ដល់​បុគ្គលិក​គ្រប់រូប។​​​​​​​

២) ទទួលស្គាល់​​សមត្ថភាព​ និង​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​បុគ្គលិក (Recognize and Reward)
លុយ​ និង អត្ថប្រយោជន៍​ផ្សេងៗ​អាច​​ធ្វើ​ជា​​នុយ​​ស្ទូច​ ឬទិញ​ទឹកចិត្ត​មនុស្ស​មួយចំនួន​ឲ្យ​វក់វី​នឹង​ការងារ​របស់​​ក្រុមហ៊ុន​មួយ​បាន។ ប៉ុន្តែ នោះ​មិន​ប្រាកដ​មួយ​រយ​ភាគរយ​នោះ​ដែរ ត្បិតអី​ជា​ធម្មជាតិ​របស់​មនុស្ស មនុស្ស​ត្រូវ​ការ​ការ​កោតសរសើរ ការ​លើកទឹកចិត្ត និង​ការ​ទទួលស្គាល់​ពី​សមត្ថ​ផល​របស់​ខ្លួន។ ដូច្នេះ ក្រុមហ៊ុន ឬ អ្នក​គ្រប់គ្រង​ត្រូវ​ថ្លឹងថ្លែង​ចំណុច​ទាំងនេះ​ឲ្យ​បាន​ច្បាស់​​ ហើយ​វា​ក៏​មិនមែន​ជា​រឿង​មួយ​ដែល​ពិបាក​ធ្វើ ឬ ត្រូវ​ចំណាយ​ប្រាក់កាស​ច្រើន​នោះ​ដែរ។

គេ​សង្កេត​ឃើញ​ថា ជា​រៀងរាល់​ឆ្នាំ ​​ក្រុមហ៊ុន​ភាគច្រើន​តែង​ផ្តល់​ប្រាក់​រង្វាន់ ឬ Bonus ​យ៉ាង​ហោច​ណាស់​​មួយដង​ដែរ​សម្រាប់​បុគ្គលិក​ម្នាក់ៗ​ស្មើ​នឹង ម្ដង ​ពីរ ឬ ​បី​​ដង​នៃ​​ប្រាក់​ខែ​របស់​​ពួកគេ​ទៅ​តាម​លទ្ធភាព​របស់​ក្រុមហ៊ុន​​នីមួយៗ។ ការ​ទំនាក់ទំនង​របស់​ក្រុមហ៊ុន និង​បុគ្គលិក ​នឹង​​កាន់តែ​មាន​ភាព​ស៊ីចង្វាក់គ្នា​ជាង​នេះ ប្រសិនបើ​ខ្លួន​បាន​ផ្តល់​អត្ថប្រយោជន៍​បន្ទាប់​បន្សំ​តូចៗ​ជា​ច្រើន​ទៀត ដូច​ជា​កាដូ ការ​ផ្តល់​ជួន​ប័ណ្ណ​បញ្ចុះតម្លៃ​​ឬ Free ទៅ​ញាំ​អាហារ​ និង បង្កើត​កម្មវិធី​ជួបជុំ​​សប្បាយ​ៗ​ ដំណើរ​កម្សាន្ត​រួម​គ្នា​ ជា​ដើម ដែល​នេះ​សុទ្ធតែ​​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​កក់ក្តៅ​ចូលរួម​គ្រប់​សកម្មភាព​របស់​ក្រុមហ៊ុន។

​​​​​​៣) ​យកចិត្តទុកដាក់ និង​ ទំនាក់ទំនង (Engagement)​
បុគ្គលិក​មួយចំនួន​មើលទៅ​ហាក់​សកម្ម​នឹង​ការងារ​ខ្លាំង​ណាស់។ ប៉ុន្តែ សំនួរ​សួរ​ថា តើ​ពួកគេ​មាន​ការ​ទំនាក់ទំនង និង សម្រេច​បាន​លទ្ធផល​​ដល់​កម្រិត​ណា? បុគ្គលិក​​កាន់តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត និង ​កាន់តែ​សកម្ម​ក្នុង​ការងារ​ នៅ​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា គំនិត ឬ ​សំណើ​របស់​ពួកគេ ត្រូវ​បាន​​​មនុស្ស​គ្រប់គ្នា​​យកចិត្ត​ទុកដាក់ និង​ឲ្យ​តម្លៃ។ នេះ​គឺជា​​គោលការណ៍​​មួយ​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ម្ចាស់ការ​​ក្នុង​ការងារ​កាន់តែ​​ប្រសើរ​ឡើង។

ជា​ឧទាហរណ៍ ​មួយ​របស់​ក្រុមហ៊ុន​ដំឡើង​​ឧបករណ៍​​អេឡិចត្រូនិក និង សម្ភារ​អគ្គិសនី TDIndustries ​នៅ​ទីក្រុង Dallas រដ្ឋ Texas បាន​​បង្កើត​និមិត្តរូប​ដ៏​អស្ចារ្យ​មួយ​​នៅ​ក្នុង​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​​ថា ពួកគេ​មាន​តម្លៃ និង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់។ នោះ​គឺ​ថា នៅ​ពី​មុខ​ក្រុមហ៊ុន​នេះ​មិន​​មាន​កន្លែងណា​មួយ​សម្រាប់​ចំណត​រថយន្ត​​បុគ្គលិក ឬ ត្រូវ​ទុក​កន្លែង​ពិសេស​មួយ​សម្រាប់​ចំណត​រថយន្ត​របស់​ប្រធាន​ក្រុមហ៊ុន​នោះ​​ឡើយ ពោល​ទាំង​ប្រធាន​ក្រុមហ៊ុន និង បុគ្គលិក​​គ្រប់​លំដាប់ថ្នាក់​មាន​សិ​ទ្ធិ​ស្មើគ្នាៗ​​ទាំងអស់។ នេះ​ហើយ​​សមភាព​នៅ​ក្នុង​កន្លែង​ការងារ​ដែល​ក្រុមហ៊ុន​ទូទៅ​ត្រូវ​តែ​ដឹង។ តាមពិត​វា​គ្រាន់តែ​ជា​រឿង​សាមញ្ញ​មួយ​ប៉ុណ្ណោះ តែ​វា​​ជា​តម្លៃ​យ៉ាង​​ធំធេង​សម្រាប់​ក្រុមហ៊ុន។​​​​​​​​​​

៤) ការ​បណ្តុះបណ្តាល (Training)
សម្រាប់​មនុស្ស​ទូទៅ​ ឱកាស​អាជីព​ការងារ មាន​សារសំខាន់​​ដូច​​ការ​ស្វែង​រក​លុយ​របស់​ពួកគេ​ដែរ។ តាម​ការ​ស្រាវជ្រាវ​របស់​គេហទំព័រ ​Linkage​ Ine បាន​រក​ឃើញ​ថា ៤០% នៃ​បុគ្គលិក​បម្រើ​ការងារ​បាន​និយាយ​ថា នឹង​ចាកចេញ​ពី​ការងារ​កំពុង​ធ្វើ​​ប្រសិន​បើ​ការងារ​ថ្មី​ផ្តល់​​ឱកាស​​បាន​ល្អ​ប្រសើរ​ជាង​នេះ។

កាល​ពីរ​ឬ​បី​ឆ្នាំ​មុន ក្រុមហ៊ុន​បណ្តុះបណ្តាល​ឯកទេស Deloitte ដ៏​ល្បី​របស់​អង់គ្លេស​​បាន​បាត់បង់​បុគ្គលិក​​មាន​សក្ដានុពល​ជា​ច្រើន​រូប។ ក្រោយ​មក​ខ្លួន​បាន​រក​ឃើញ​ថា នេះ​បណ្តាល​មក​ពី​ក្រុមហ៊ុន​របស់​ខ្លួន​មិន​បាន​បណ្តុះបណ្តាល​ជំនាញ​​ណាមួយ​ដល់​បុគ្គលិក ធ្វើ​ឲ្យ​ដៃគូ​ប្រកួត​​ទាញ​យក​​ទៅ​បាន។​​

ជា​ដំណោះស្រាយ ក្រុមហ៊ុន​នេះ​បាន​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ឯកទេស​ពិសេសៗ​ជា​ច្រើន​សម្រាប់​បុគ្គលិក​។ នៅ​ទី​បំផុត ​ខ្លួន​អាច​រក្សា​បាន​បុគ្គលិក​ឆ្នើមៗ​​កាន់តែ​​ច្រើន​ឡើង ហើយ​ក៏​កម្រ​ឃើញ​បុគ្គលិក​ណា​ម្នាក់​ចាកចេញ​ពី​ក្រុមហ៊ុន​នេះ​​ដែរ ត្បិតអី Deloitte បាន​បណ្ដុះ​បណ្តាល​​ជំនាញ​វិជ្ជាជីវៈ​ដល់​បុគ្គលិក​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ជាង​ក្រុមហ៊ុន​ដទៃទៀត​ឯណោះ។​​​​​​

៥) ការ​វាយតម្លៃ​សមត្ថភាព​​ការងារ​របស់​បុគ្គលិក (Evaluation)
ចំណុច​ចុងក្រោយ​នៅ​ពេល​នេះ​គឺ​ការ​វាយតម្លៃ​លើ​សមត្ថភាព​ការងារ​​របស់​បុគ្គលិក។ គោលបំណង​​ចម្បង​នៃ ការ​វាយតម្លៃ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​វាស់​ស្ទង់​ពី​ការ​​អភិវឌ្ឍ​​​ទៅ​មុខ​ និង កំណត់​ថា តើ​បុគ្គលិក​នីមួយ​ៗ មាន​សមត្ថភាព​​ក្នុង​កម្រិត​ណា​ ឬ បាន​បំពេញ​ការងារ​ឆ្លើយតប​តាម​គោលដៅ​ដែល​បាន​កំណត់​ហើយ​ឬ នៅ? ការ​វាយតម្លៃ​នេះ មាន​ជាអាទិ៍ ​ឥរិយាបថ​​របស់​បុគ្គលិក សីលធម៌​ លទ្ធផល និង សកម្មភាព​​​ពាក់ព័ន្ធ​នៅ​កន្លែង​ការងារ​។ ​​​​​

ការ​វាយតម្លៃ​ក៏​ផ្ដោត​ជា​សំខាន់​ផង​ដែរ​ពី​មតិយោបល់ ឬ សំណើ​​​ផ្សេងៗ​របស់​បុគ្គលិក​ទៅ​កាន់​ថ្នាក់​ដឹកនាំ ឬ ក្រុមហ៊ុន​ពី​អ្វី​ដែល​ជា​​កង្វះខាត​​ត្រូវ​បំពេញ​បន្ថែម​ជួស​​ការងារ​ជាក់ស្តែង​ដែល​ពួក​គេ​កំពុង​បំពេញ។ ការ​វាយតម្លៃ​នេះ ជា​គោលការណ៍​ដ៏​​សមស្រប​មួយ​ដើម្បី​ត្រួតពិនិត្យ​ និង​លើក​ស្ទួយ​បុគ្គលិក​នៅ​ក្រុមហ៊ុន​ ​សម្រាប់​បង្កើត​បរិយាការ​ងារ​​ឲ្យ​ដើរ​រលូន​ទៅ​មុខ​បាន​៕

 

Copyright @ 2013 test.

Designed by Next Learn | My partner