ក្លាយទៅជាចៅហ្វាយនាយរបស់គេ គឺជាក្តីប្រាថ្នាដែលមនុស្សមួយចំនួនធំចង់បាន ព្រោះវាជាតួនាទីដ៏ធំ និង អស្ចារ្យ។ នៅពេលអ្នកក្លាយជាចៅហ្វាយនាយហើយ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះអ្នកត្រូវតែមានទំនួលខុសត្រូវខ្ពស់ជាងមនុស្សដទៃទៀត ជាពិសេសគឺមុខងារសម្រេចចិត្។ ប៉ុន្តែប្រសិនបើអ្នកមិនមែនជាចៅហ្វាយដ៏ឆ្លាតវៃ ឬ អស្ចារ្យនោះទេ បញ្ហាជាច្រើននឹងកើតមាន ដែលធ្វើឲ្យអ្នកត្រូវខាតបង់ធ្ងន់ធ្ងរ។
រឿងសំខាន់មួយក្នុងចំណោមរឿងសំខាន់ជាច្រើន ដែលចៅហ្វាយនាយត្រូវតែគិតយ៉ាងយកចិត្តទុកដាក់នោះ គឺ ធ្វើយ៉ាងណាឲ្យបុគ្គលិកក្រោមការគ្រប់គ្រងរបស់ខ្លួន ធ្វើការប្រកបដោយប្រសិទ្ធភាព និង អស់ពីកម្លាំងកាយចិត្ត។
ដូច្នេះ ដើម្បីក្លាយទៅជាចៅហ្វាយដ៏អស្ចារ្យម្នាក់ អ្នកត្រូវមានចំណុចជាមូលដ្ឋានអ្វីខ្លះ?
១) គោរព និង ឲ្យតម្លៃលើបុគ្គលិករបស់ខ្លួន
មិនថា ជាការងារប្រភេទអ្វីនោះទេ បើទោះបីជាអ្នកជាចៅហ្វាយដែលមានសមត្ថភាពខ្ពស់ប៉ុណ្ណាក៏ដោយ អ្នកពិតជាមិនអាចធ្វើការងារដោយម្នាក់ឯងជោគជ័យនោះទេ ព្រោះទាល់តែមានការចូលរួមការខិតខំប្រឹងប្រែងរបស់បុគ្គលិកទើបសម្រេចបាន។ ដូច្នេះ មិនថាបុគ្គលិករបស់អ្នកមានតំណែង ឬ តួនាទីជាអ្វីនោះទេ តែត្រូវគោរព និង ផ្តល់តម្លៃលើការងាររបស់ពួកគេ ព្រោះតម្លៃរបស់មនុស្សមិនស្ថិតលើតំណែងទេ តែគឺជាលទ្ធផលនៃការងារទៅវិញ។ នៅពេលអ្នកគោរព ឬ ផ្តល់តម្លៃដល់បុគ្គលិក នោះអ្នកក៏ទទួលបានការគោរពពីបុគ្គលិកដូចគ្នាផងដែរ។ ក្នុងស្ថានភាពបែបនេះ ធ្វើឲ្យបុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុន ផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក ហើយវាបង្ហាញថា អ្នកគឺជាចៅហ្វាយនាយដ៏ឆ្លាតវៃម្នាក់ ដែលអាចធ្វើឲ្យពួកគេខិតខំធ្វើការងារ និង សហការគ្នាយ៉ាងល្អ។
២) ផ្តល់ការជឿជាក់
ការជឿជាក់ពិតជាមានសារៈសំខាន់ ព្រោះមនុស្សពិតជាមិនអាចធ្វើការជាមួយគ្នាឡើយ ប្រសិនបើខ្វះការជឿជាក់។ ក្នុងនាមជាចៅហ្វាយរបស់គេ អ្នកមិនគួរបង្ហាញថា អ្នកមិនជឿជាក់លើសមត្ថភាពរបស់បុគ្គលិកទេ ព្រោះវាធ្វើឲ្យពួកគេបាក់ទឹកចិត្ត និង មិនអាចបញ្ចេញសកម្មភាពល្អឡើយ។ បុគ្គលិកនឹងមានអារម្ភថា ខ្លួនមិនមានតម្លៃទេ ព្រោះខ្វះការជឿជាក់ពីចៅហ្វាយនាយរបស់ខ្លួន។
ដូច្នេះ អ្នកត្រូវទម្លាប់ផ្តល់ការជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីអាចលើកទឹកចិត្តឲ្យបុគ្គលិកគ្រប់រូបអាចលះបង់គ្រប់យ៉ាងដើម្បីការងារ។
៣) ផ្តល់ការគាំទ្រ និង ចេះអនុគ្រោះ
ជារឿងធម្មតានោះទេ នៅពេលធ្វើការងារបុគ្គលិកតែងតែជួបបញ្ហាផ្សេងៗ ដូច្នេះក្នុងនាមអ្នកជាចៅហ្វាយ ត្រូវធ្វើជាជំហរផ្តល់ជាដំណោះស្រាយ និង ការណែនាំផ្សេងៗដល់ពួកគេ។ ប្រសិនបើចៅហ្វាយ យកចិត្តទុកដាក់លើបញ្ហាទាំងនេះ អ្វីៗក៏មានលក្ខណៈប្រសើរផងដែរ។ ក្នុងនោះ អ្នកអាចជួយលើកទឹកចិត្ដ ហើយពេលខ្លះក៏ត្រូវផ្តល់អ្វីៗចាំបាច់សម្រាប់បុគ្គលិក ដូចជាការប្រាក់រង្វាន់ ឬដំឡើងប្រាក់ខែជាដើម។ លើសនេះទៅទៀត ការអនុគ្រោះដល់បុគ្គលិកក៏ជារឿងសំខាន់ផងដែរ ព្រោះគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ ដូច្នេះគួរផ្តល់ឱកាសដើម្បីកែខ្លួន៕