អ្នកប្រើប្រាស់មួយចំនួននៅតែបន្តត្អូញត្អែរពាក់ព័ន្ធទៅនឹងបញ្ហាដែលកំពុងកើតមាននៅលើទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Apple គឺ iPhone 6s។
iPhone 6s នៅតែបន្ដមានបញ្ហាដោយមានការឡើងកម្ដៅលើប៊ូតុង Home ខុសពីធម្មតា និងទូរសព្ទរលត់ដោយគ្មានមូលហេតុ ហើយបញ្ហាបានក្លាយជាប្រធានបទក្ដៅគគុកសម្រាប់អ្នកប្រើប្រាស់មួយចំនួន។ មិនត្រឹមតែប៉ុណ្ណោះមានអ្នកប្រើប្រាស់ជាច្រើនកំពុងបានលើកយកមកពិភាក្សានៅលើគេហទំព័រពិភាក្សារបស់ក្រុមហ៊ុន Apple ផ្ទាល់។
អ្នកប្រើប្រាស់ម្នាក់បានសរសេរថា៖ “ខ្ញុំបានទិញ iPhone 6s តាំងពីថ្ងៃសុក្រ ហើយព្រឹកនេះស្រាប់តែប៊ូតុង Home គឺឡើងកម្ដៅក្ដៅខ្លាំង ចំណែកឯអេក្រង់វិញគឺងងឹតឈឹង”។ លោកបានបន្ថែមទៀតថា កាលពីយប់មិញ វានៅដំណើរការធម្មតាទេ ហើយគាត់ក៏បានសាកថ្មវាចោល ហើយឥលូវស្រាប់តែគាំងលែងដំណើរការ។ មិនត្រឹមតែឡើងកម្ដៅលើប៊ូតុង Home នោះទេ សូម្បីតែរន្ធសាកថ្មីក៏ក្ដៅដែរ។
បើទោះបីជាមានការត្អូញត្អែរពីបញ្ហាបែបនេះក្ដី ពុំទាន់មានការបកស្រាយនៅឡើយនោះទេពីក្រុមហ៊ុន Apple។ ប៉ុន្តែបញ្ហានេះគឺបានកើតឡើងទៅលើអ្នកប្រើប្រាស់មួយចំនួនតូចតែប៉ុណ្ណោះ។
បញ្ហាបច្ចេកទេសបែបនេះវាមិនមែនជាលើកទីមួយនោះទេ ព្រោះវាតែងតែកើតឡើងសម្រាប់អតិថិជនមួយចំនួននៅពេលដែលពួកគេបានទិញផលិតផលថ្មីដំបូង។ ជាក់ស្ដែងកាលពី iPhone 6 ចេញដំបូងគឺក៏មានអ្នកប្រើប្រាស់មួយចំនួនត្អូញត្អែរថាមានបញ្ហាកោងនៅពេលដែលពួកគេដាក់ iPhone 6 អេក្រង់ធំ (iPhone 6 Plus) ក្នុងហោប៉ៅ៕