Jurgen Klopp នឹងប្រកាសខ្លួន ក្លាយជាអ្នកចាត់ការថ្មីក្រុម Liverpool ផ្លូវការ នៅថ្ងៃសុក្រស្អែកនេះហើយ។ នេះបើតាមប្រភពគួរឲ្យទុកចិត្តបំផុតរបស់អង់គ្លេស BBC។
Klopp កាលដឹកនាំ Dortmund ប្រកួតមិត្តភាពជាមួយ Liverpool នៅ Anfield ឆ្នាំ២០១៤
ព័ត៌មាន នៃការមកដល់របស់អតីតអ្នកចាត់ការក្រុម Borussia Dortmund នាកីឡដ្ឋាន Anfield នេះ នឹងធ្វើអ្នកគាំទ្រហង្សក្រហម ជាច្រើនរីករាយ ខណៈដែលក្លិបប្រញាប់ប្រញាល់ ដើម្បីជំនួសតំណែងលោក Brendan Rodgers ដែលត្រូវបានបណ្ដេញចេញ បន្ទាប់ស្មើ ១-១ ទល់នឹង Everton កាលសប្ដាហ៍មុន។
Klopp នឹងត្រូវដឹកនាំក្រុមហង្សក្រហម ជំនួសលោក Rodgers ហើយគោលដៅធំរបស់បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ គឺធ្វើយ៉ាងណាជួយក្លិបយ៉ាងហោចណាស់ ក៏ទទួលបានចំណាត់ថ្នាក់ Top 4 ដែរ។ ខណៈដែល Chelsea ចាប់ផ្ដើមរដូវកាលមិនបានល្អរដូវកាលថ្មីនេះ នេះក៏អាចជាឱកាសងាយស្រួលមួយ សម្រាប់បុរសវ័យ៤៨ឆ្នាំ ដើម្បីប្រជែងយកកៅអី UEFA Champions League រដូវកាលក្រោយ។
Liverpool បច្ចុប្បន្នកំពុងស្ថិតនៅលេខ១០ មានគម្លាតពីក្រុមនៅ Top 4 តែ៣ពិន្ទុប៉ុណ្ណោះ។ ប្រកួតដំបូងរបស់ Klopp ជាមួយនឹង Liverpool នឹងត្រូវប៉ះ Tottenham Hot Spurs បន្ទាប់ពីការសម្រាកប្រកួតអន្តរជាតិវិញ។ គេជឿថា បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងចុះកុងត្រា ៣ឆ្នាំនៅហង្សក្រហម ហើយនឹងនាំជំនួយការរបស់លោក Zeljko Buvac មកផងដែរ៕