នៅថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Beats បានប្រកាសបង្ហាញនូវឧបករណ៍ Bluetooth Speaker ម៉ូដែលថ្មីមានឈ្មោះថា Pill+ ហើយក៏ជា Speaker ដំបូងផងដែរ ដែលស្ថិតនៅក្រោមកម្មសិទ្ធិផ្ទាល់របស់ក្រុមហ៊ុន Apple។
Pill+ គឺត្រូវបានរចនាឡើងដោយខុសពី Speaker Pill ជំនាន់មុន ដោយវាត្រូវបានរចនាថ្មីមានទម្ងន់ស្រាល និងតូចជាង។ មិនត្រឹមតែប៉ុណ្ណោះការរចនាបែបទាន់សម័យរបស់វាគឺបានប្ដូរប៊ូតុងបិទបើក និងប៊ូតុងសំឡេងដែលធ្លាប់តែស្ថិតនៅផ្នែកខាងក្រោយ ត្រូវប្ដូរមកដាក់ផ្នែកខាងលើវិញ។ ប៉ុន្តែវាក៏មិនខុសពីម៉ូដែលមុនដែរ Pill+ បានបំពាក់ដោយឧបករណ៍បំពងសំឡេងពីរនៅផ្នែកចំហៀង និងពីរទៀតនៅចំកណ្ដាល។
នៅផ្នែកខាងក្រោយ Pill+ មានរន្ធ Lightning សម្រាប់សាកថ្ម ហើយក៏នៅមានរន្ធដោតកាសទំហំ ៣,៥ ម.ម និង រន្ធ USB ចំនួនមួយផងដែរ។ ចំពោះសំឡេងដែលផលិតដោយ Speaker ជំនាន់ថ្មីនេះគឺខ្លាំងជាង ងំជាង និងពីរោះជាង Speaker Pill ជំនាន់មុនៗ។ ចំណែកឯថាមពលថ្មរបស់វាគឺអាចប្រើបានដល់ទៅ ១២ ម៉ោងក្នុងការសាកម្ដង។ Beats Pill+ គឺត្រូវបានដាក់លក់ក្នុងតម្លៃ ២៣០ ដុល្លារសហរដ្ឋអាមេរិកលើគេហទំព័ររបស់ក្រុមហ៊ុន Apple ចាប់ពីខែក្រោយទៅ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានទិញក្រុមហ៊ុន Beats កាលពីឆ្នាំមុនក្នុងតម្លៃ ៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក៕