ប្រជាជនអាមេរិកប្រហែល៦២ភាគរយមានប្រាក់សន្សំតិចជាង១ពាន់ដុល្លារក្នុងគណនីធនាគាររបស់ពួកគេ ហើយ២១ភាគរយគឺពុំមានគណនីសន្សំតែម្ដង។ នេះបើតាមការស្រាវជ្រាវថ្មីមួយ។
ការស្រាវជ្រាវខាងលើធ្វើឡើងដោយវិបសាយ Go Banking Rates លើយុវវ័យអាមេរិកចំនួន៥០០៦នាក់កាលពីខែកញ្ញាកន្លងទៅ។ លទ្ធផលបង្ហាញថា២ភាគ៣នៃចំនួនយុវវ័យទាំងនោះគឺមានការសន្សំត្រឹម១ពាន់ដុល្លារ ឬតិចនិងតិចជាងនោះច្រើន។ នេះជាមូលហេតុដែលយុវវ័យអាមេរិកច្រើនពុំមានប្រាក់ចាយ ដោយពឹងផ្អែកលើគ្រួសារនិងបងប្អូន។
“វាជាក្ដីបារម្ភមួយដែលអត្រាចំនួនប្រជាពលរដ្ឋអាមេរិកមានការសន្សំតិច។ ពួកគេមិនមានសាច់ប្រាក់ទេក្នុងករណីបន្ទាន់ភ្លាមៗណាមួយ ហើយនឹងរង់ចាំតែពឹងលើការខ្ចីបុល ពឹងលើមិត្តភ័ក្ដិ ពឹងលើគ្រួសារប៉ុណ្ណោះ” ។ នេះបើតាមលោក Cameron Huddleston អ្នកវិភាគហិរញ្ញវត្ថុនៃវិបសាយខាងលើបានលើកឡើង។