Games

សម្រង់​​សម្ដី​​​ដែល​​ជា​មរតក​ដ៏​មាន​តម្លៃ​​​​ ១០​​យ៉ាង​របស់​ Steve Jobs!



ទោះបី​ជា​លោក ​Steve Jobs បាន​ទទួល​មរណភាព​ក៏​ពិតមែន ប៉ុន្តែ​​កេរ្តិ៍ឈ្មោះ​របស់​លោក​​នៅ​តែ​​បន្ត​សាយភាយ​ដដែល​ ត្បិត​អី​កាល​នៅ​​មាន​ជីវិត​ លោក​បង្កើត​​ស្នាដៃ​​យ៉ាង​ច្រើន​ជួយ​ឲ្យ​ក្រុមហ៊ុន​Apple ​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​​លេចធ្លោ​នៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​សតវត្ស​ទី​២១​នេះ។ ​

​ក្នុង​នាម​ជា​អតីត​អ្នកគ្រប់គ្រង​ដ៏​មាន​​ឥទ្ធិពល​របស់​ក្រុមហ៊ុន​ខាងលើ​​ដែល​​​ប្រកប​ដោយ​ទស្សន​វិស័យ​វែងឆ្ងាយ The ​BNEWS សូម​​ដកស្រង់​សម្ដី​សំខាន់ៗ​ទាំង​ ១០ របស់​បុគ្គល​ល្បីល្បាញ​ម្នាក់​នេះ​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ដូច​ខាង​ក្រោម៖ ​​​

១) ភាព​ច្នៃប្រឌិត
លោក Steve Jobs ​មាន​ប្រសាសន៍​ថា ៖ «ភាព​ច្នៃប្រឌិត​អាច​​កើតឡើង​​​​បាន​​ភ្ជាប់​ទៅ​នឹង​​ស្ថានភាព​អ្វី​មួយ​។ ​មនុស្ស​​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​​មិន​អាច​ដឹង​​ចម្លើយ​នោះ​ឡើយ​​ ​នៅ​ពេល​ដែល​អ្នក​សួរ​គេ​ថា តើ​​គេ​បាន​គំនិត​ច្នៃ​ប្រឌិត​ទាំង​នោះ​មក​ពី​ណា?​ ត្បិត​អី​បុគ្គល​ប្រភេទ​នេះ ​​មិន​មាន​ចេតនា​ពិត​ប្រាកដ​ណា​មួយ​ធ្វើ​វា​នោះ​ឡើយ”​។

២) ធ្វើ​មនុស្ស​ឲ្យ​មាន​គុណភាព
​នៅ​​ត្រង់​ចំណុច​នេះ​លោក Steve Jobs ​មាន​ប្រសាសន៍​ថា ៖ «អ្នក​ត្រូវ​ធ្វើ​ខ្លួន​ជា​បន្ទាត់​​​មួយ​ដើម​ដែល​​មាន​គុណភាព​ល្អ​។ ​មាន​មនុស្ស​មួយ​ចំនួន​​​មិន​​ធ្លាប់​បាន​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​បុគ្គល​​ដ៏​ល្អ​នោះ​ឡើយ​ក្នុង​ឆាក​ជីវិត​របស់​ពួកគេ”។ ​

៣) បណ្ដុះ​គំនិត​ស្រលាញ់​អាជីព​ការងារ
ក្នុង​វិស័យ​ការងារ​លោក​ Steve Jobs បាន​លើក​ឡើង​ថា ៖«អ្នក​ត្រូវ​មាន​ការងារ​ដ៏​ល្អ​បំផុត​មួយ​​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​អ្នក ហើយ​​គន្លឹះ​ពិតប្រាកដ​តែ​មួយ​គត់​​​ដើម្បី​ទទួល​បាន​ការងារ​​នេះ គឺ​​ភាព​ជឿជាក់។ ​ការងារ​ល្អ​មួយ ត្រូវ​កើត​ចេញ​​ពី​​ក្តី​ស្រលាញ់​ពេញ​ចិត្ត​ទៅ​នឹង​អ្វី​ដែល​អ្នក​បាន​ធ្វើ​។ ប្រសិន​បើ​អ្នក​មិន​ទាន់​រក​ឃើញ​វា​នោះ​ទេ អ្នក​ត្រូវ​ព្យាយាម​រក​វា​ឲ្យ​ឃើញ។ កុំ​នៅ​ស្ងៀម!​​ អ្នក​នឹង​ដឹង​ថា បញ្ហា​ជាច្រើន​​បាន​បង្រៀន​​អ្នក​នៅ​ពេល​ដែល​អ្នក​រក​វា​ឃើញ​​។ សម្ពន្ធភាព​ដ៏​ល្អ​មួយ​ក៏​​ដូច្នោះ​ដែរ វា​នឹង​លេច​រូបរាង​​ឡើង​បន្តិច​ម្តងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ដូច្នេះ ​អ្នក​មិន​ត្រូវ​បោះបង់​វា​ដរាបណា​អ្នក​មិនទាន់​រក​វា​ឃើញ”។ ​​​​​​

៤) ពិនិត្យ​មើល​សកម្មភាព​​ដែល​បាន​ធ្វើ​នៅ​ក្នុង​ថ្ងៃ​នេះ
ជា​ការ​ព្រួយ​បារម្ភ​​របស់​​លោក​​​ពី​អ្វី​ដែល​​លោក​​បាន​ធ្វើ។​​ លោក​ Steve Jobs បាន​មាន​ប្រសាសន៍​ថា៖ «ចង់​ធ្វើ​ជា​អ្នក​មាន​​​បំផុត​នៅ​កន្លែង​បញ្ចុះសព​​​មិនមែន​ជា​រឿង​លំបាក​នោះ​ឡើយ​សម្រាប់​ខ្ញុំ។ ប៉ុន្តែ ការ​រំលឹក​​ពី​​អ្វី​ដែល​យើង​បាន​​ធ្វើ​ដ៏​អស្ចារ្យ​​មុន​ពេល​គេង ​​​​គឺ​​ជា​​​បញ្ហា​ដែល​ខ្ញុំ​ត្រូវ​គិត​ថា​បាន​ធ្វើ​ហើយ​ឬ​នៅ»។

៥) ត្រូវ​មាន​​មោទនភាព​ទាំង​​ពេល​បរាជ័យ និង​ជោគជ័យ
ទោះបី​ជា​លោក​​ជោគជ័យ​ក៏​ពិតមែន​ ប៉ុន្តែ​លោក​ Steve Jobs ក៏​មិន​ភ្លេច​បង្ហើប​​គំនិត​អប់រំ​មួយ​ទៅ​ដល់​មនុស្ស​ម្នា​នៅ​​ជុំវិញ​ពិភពលោក​ពី​ពាក្យ​មួយ​ឃ្លា​នេះ​ដែរ ដោយ​លោក​បាន​និយាយ​​ថា៖ «ចូរ​មាន​មោទនភាព​​​ពី​​អ្វី​ដែល​យើង​​បរាជ័យ​ឲ្យ​ដូច​​ ​​អ្វី​ដែល​ជា​​សមិទ្ធផល​របស់​យើង​សម្រេច​បាន។ ការ​បង្កើត​ថ្មី​ ត្រូវតែ​​​ធ្វើ​ឲ្យ​ប្លែក​ពី​អ្វីៗ​គ្រប់យ៉ាង​ទាំង​អស់»។
​​
៦) រក​​​ច្រក​ចេញ​ ពេល​បរាជ័យ
​«នៅ​​ពេល​​ដែល​អ្នក​ធ្វើ​អ្វី​​មួយ​​មិន​ជោគជ័យ​តាម​បំណង​របស់​អ្នក អ្នក​គួរតែ​ផ្លាស់ប្ដូរ​​​ធ្វើ​​អ្វី​មួយ​ផ្សេង​ទៀត​ក្រៅ​ពី​នេះ។ អ្នក​មិន​ត្រូវ​រស់​នៅ​ក្នុង​ស្ថានភាព​ដូចនេះ​ជា​រៀង​រហូត​នោះ​បាន​​ឡើយ។ អ្នក​ត្រូវ​​ដឹង​​ពី​អ្វី​ដែល​ខ្លួន​អ្នក​ត្រូវ​ធ្វើ​នៅ​ក្នុង​ជំហាន​បន្ទាប់»។​នេះ​ជា​​ទស្សន​ផ្ទាល់​ខ្លួន​របស់​លោកSteve Jobs ​ពី​គន្លឹះ​ស្វែង​រក​ច្រកចេញ​ពី​ភាព​បរាជ័យ។

៧) ​បរាជ័យ​គឺ​ជា​ថ្នាំ​ប៉ូវ
កំពូល​ស្ថាបនិក​រួម​របស់​ក្រុមហ៊ុន​ Apple រូប​នេះ​បាន​និយាយ​ថា ៖ «ការ​ចាកចេញ​ពី​​ក្រុមហ៊ុន​Apple គឺ​ជា​រឿង​ដែល​​​ល្អ​បំផុត​​ធ្លាប់​កើតមាន​ចំពោះ​ខ្ញុំ។ ភាព​​បរាជ័យ​​​ត្រូវ​ជំនួស​មកវិញ​នូវ​​​​ពន្លឺ​​នៃ​ភាព​ជោគជ័យ​ ​ដោយ​ការ​​​​ក្រោកឈរ​ឡើង​ម្ដង​ទៀត។ នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​​ឆាក​ជីវិត​មួយ​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​​បាន»​។

៨) ចេះ​ដប់​មិន​ស្មើ​ប្រសព្វ​មួយ
លោក Steve Jobs បាន​​ផ្ដល់​តម្លៃ​ខ្លាំង​លើ​គុណភាព​ជាជាង​បរិមាណ​​ដោយ​លោក​លើកឡើង​ថា៖ “គុណភាព​​មាន​​លក្ខណៈ​សំខាន់​​ជាង​បរិមាណ។ ផ្ទះ​មួយ​គ្រប់គ្រង​ដោយ​​ម្ចាស់​ម្នាក់ ប្រសើរ​ជាង​ម្ចាស់​ពីរ​នាក់​គ្រប់គ្រង​​ផ្ទះ​មួយ”​។

៩) ​សហគ្រិន​ជោគជ័យ​ដោយសារ​ការ​ព្យាយាម​
មិន​ខុស​ពី​ពាក្យ​ស្លោក​ទូទៅ​ អតីត ​​CEO របស់​ក្រុមហ៊ុន​ Apple ខាងលើ​បាន​មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​ជឿជាក់​ថា​ ប្រហែល​ពាក់​កណ្ដាល​​នូវ​​អ្វី​ដែល​ធ្វើ​ឲ្យ​សហគ្រិន​ជោគជ័យ​ខុស​​ប្លែក​ពី​សហគ្រិន​បរាជ័យ​នោះ​គឺ​​​ការ​ព្យាយាម​ដ៏​​សុចរិត​មួយ”។ ​

១០) ការ​រួម​ចំណែក​ដល់​ពិភពលោក
ពាក្យ​មួយ​ឃ្លា​របស់​លោក Steve Jobs​ដែល​ធ្វើ​ឲ្យ​គេ​​នឹក​ឃើញ​ដល់​រូប​លោក​​ក្រោយ​ពេល​​មរណភាព​នោះ​គឺ​ “I want to put a ding in the universe” នេះ​ជា​សម្ដី​មួយ​​ដ៏​​មាន​អត្ថន័យ ដែល​​លោក​​ចង់​​ចំណាយ​ពេល​ក្នុង​មួយ​ឆាក​ជីវិត​របស់​​លោក​​ ​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​ពិភពលោក​ទាំងមូល។ ប៉ុន្តែ​គួរឲ្យ​ស្ដាយ​​​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ ២០១១​ ក្នុង​វ័យ​៥៦​ឆ្នាំ៕​​​

TDasany

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

 

Copyright @ 2013 test.

Designed by Next Learn | My partner