ការប្រកួតបាល់ទាត់មិនអាជីពមួយដែលត្រូវបានហៅឈ្មោះថា ពាន «ឃុំស្វាយឃ្លាំង» ស្ថិតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរកឃើញជើងឯកហើយ ដោយបានទៅលើក្រុមស្វាយឃ្លាំង ចំណែកឯលេខ២បានទៅលើក្រុមភូមិទ្រានិងលេខ៣បានទៅលើក្រុមប៉ើស២។
ចំពោះប្រាក់រង្វាន់វិញ ក្រុមជើងឯកស្វាយឃ្លាំងទទួលបាន២លានរៀល បាល់ពីរគ្រាប់ ក្រុមជើងឯករងភូមិទ្រាទទួលបានប្រាក់១លានរៀល បាល់ពីរគ្រាប់និងក្រុមចំណាត់ថ្នាក់លេខ៣ ក្រុមប៉ើស២ទទួលបាន ៥០ម៉ឺនរៀល បាល់ពីរគ្រាប់ដូចគ្នា។ ខណៈដែលប្រាក់រង្វាន់ទាំងអស់នេះគឺបានមកពីការប្រមូលលុយគ្នាក្នុងមួយឃុំស្វាយឃ្លាំងតែម្ដង។
ការប្រកួតពានរង្វាន់ក្នុងតំបន់នេះដែរ មានក្រុមចំនួន១២ចូលរួមប្រកួត ដែលរៀបចំឡើងកាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១៥នេះ ហើយរហូតដល់ម្សិលមិញនេះក៏រកឃើញជើងឯកតែម្ដង។ សម្រាប់ការប្រកួតប៉ុន្មានថ្ងៃនេះដែរ មានអ្នកភូមិចូលរួមទស្សនាយ៉ាងច្រើនកុះករ សឹងតែគ្មានកន្លែងសម្រាប់អ្នកលក់ដូរសម្រាប់លក់របស់របរហូបទៅហើយ។ ចំណែកឯរឿងសន្តិសុខវិញ ក៏មិនមានអ្វីជាជម្លោះកើតឡើងដែរ បើទោះបីជាការប្រកួតនេះមិនផ្លូវការហើយមានមនុស្សចូលរួមច្រើនក៏ដោយ៕