ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងជួបប្រកួតកម្ដៅសាច់ដុំដកស្រង់បទពិសោធន៍ជាមួយជើងឯកលីកកំពូលឆ្នាំចាស់ ភ្នំពេញក្រោន នៅវេលាម៉ោង ៥ល្ងាចនេះ លើទីលានស្មៅធម្មជាតិ RSN មុនធ្វើដំណើរចេញទៅប្រទេសសិង្ហបុរី។
ក្រុមជម្រើសជាតិកម្ពុជាពេលប៉ះស៊ីរី
បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨នៅតំបន់អាស៊ី ពូលE ជុំទី២ ជើងទី១ ជាមួយប្រទេសស៊ីរីកាលពីថ្ងៃទី៨ ខែកញ្ញា កីឡាករជម្រើសជាតិទាំងអស់បានវិលត្រលប់ទៅកាន់ក្លិបរៀងខ្លួន ដើម្បីចាប់ផ្ដើមយុទ្ធនាការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់លីកកំពូលប្រចាំឆ្នាំ២០១៥។
កាលពីថ្ងៃទី៣០ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៥នាក់ ត្រៀមប៉ះសិង្ហបុរីក្នុងជុំទី២ នៅថ្ងៃទី១៣ ខែតុលា។ ក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវកោះហៅ ក៏មាន ៣នាក់មកពីក្រុមភ្នំពេញក្រោនផងដែរ គឺកីឡាករ ធារី ចន្ថាប៊ីន, សុះ ស៊ូហាណា និងខ្សែប្រយុទ្ធ កែវ សុខផេង។ ក្រុមជម្រើសជាតិបានប្រកាសប្រមូលផ្ដុំកីឡាករពេញជើងរួចរាល់ហើយ និងចាប់ផ្ដើមហ្វឹកហាត់រួមគ្នានៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីក្នុងខេត្តតាកែវ។
តាមការគ្រោងទុក ក្រុមជម្រើសជាតិត្រូវប្រកួតមិត្តភាពកម្ដៅសាច់ដុំចំនួនពីរប្រកួតគឺ ប្រកួតទីមួយនៅថ្ងៃទី៥ ខែតុលាជាមួយក្រុមអាហ្វ្រិកដែលប្រកបអាជីពនៅកម្ពុជាលើទីលានបាទី ខេត្តតាកែវ ប៉ុន្តែលុបចោលវិញ ដោយសារសមាជិកក្រុមមួយចំនួនមិនទាន់បានសម្រាកគ្រប់គ្រាន់ និងមិនទាន់ជុំគ្នាអស់ពីការប្រកួតលីក។
ចំណែកឯប្រកួតទីពីរគឺនៅថ្ងៃទី៨ ខែតុលាល្ងាចនេះ ជាមួយក្រុមភ្នំពេញក្រោននៅកីឡដ្ឋាន RSN។ មូលហេតុដែលសហព័ន្ធជ្រើសរើសយកទីលានផ្សេងក្រៅពីពហុកីឡដ្ឋានជាតិ ដោយសារចង់ដកស្រង់បទពិសោធន៍លើទីលានស្មៅធម្មជាតិ ខណៈពហុកីឡដ្ឋានជាតិសិង្ហបុរីត្រៀមទទួលកម្ពុជាក៏ជាទីលានស្មៅធម្មជាតិដូចគ្នា។
លោក Sam Schweingruber គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្វ្រិកខាងត្បូង Shane Booysen និងកីឡាករ សារី ម៉ាត់ណូរ៉ូទីន ប្រហែលជាអាចជាទាន់ពេលប្រកួតទល់នឹងក្រុមជម្រើសជាតិ។ ចំណែកកីឡាករ ព្រំ យ៉ាណែត មិនអាចចូលលេងបានឡើយ ប៉ុន្តែខ្សែការពារ ង៉យ ស្រ៊ីន ដែលរងរបួសបាក់ដៃតាំងពីចុងខែកក្កដា អាចនឹងបង្ហាញវត្តមានជាលើកដំបូង។
គ្រូបង្វឹកជនជាតិស្វីសរូបនេះបាននិយាយថា៖ «យើងកំពុងត្រៀមខ្លួនសម្រាប់ MCL ពីរប្រកួតចុងក្រោយ ដូច្នេះហើយវាពិតជាឱកាសល្អសម្រាប់កីឡាករពេលមានជំនួបនេះ។ យើងពិតជាមានកិត្តិយសខ្លាំងណាស់ ដែលក្រុមជម្រើសជាតិជ្រើសរើសប្រកួតមិត្តភាពជាមួយ… វានឹងផ្ដល់ឲ្យយើងនូវឱកាសលេងជាមួយក្រុមដែលខ្លាំងទាំងភាពអំណត់ និងរាងកាយ មិនញញើតគូប្រកួត»។ លោកបានបញ្ជាក់ទៀតថា អ្វីដែលក្រុមភ្នំពេញក្រោនកំពុងប្រឹងប្រែង គឺយកឈ្នះក្រុមប៉ូលិស និងក្រុមបឹងកេត ដូច្នេះលទ្ធផលជាមួយក្រុមជម្រើសជាតិកម្ពុជាមិនមែនជាអាទិភាពឡើយ ប៉ុន្តែក្រុមរបស់លោកនឹងព្យាយាមយកឈ្នះ៕