ក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់បានបំបាក់ក្រុមម្ចាស់ជើងឯកពិភពលោកអាល្លឺម៉ង់ ដើម្បីបង្កើនក្ដីសង្ឃឹមខ្ពស់ថានឹងអាចឡើងទៅជុំផ្ដាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប Euro 2016 ពោលគឺយ៉ាងហោចណាស់ក៏បានកៅអី Play-off ដែរ។
នៅក្នុងការប្រកួតដ៏ស្វិតស្វាញរវាងក្រុមខ្លាំង២ នៅក្នុងទីក្រុង Dublin យប់មិញនេះ ខ្សែប្រយុទ្ធមកពីក្លិប Southampton កីឡាករ Shane Long បានក្លាយជាអ្នកនាំសំណាងឲ្យអៀរឡង់ ក្រោយស៊ុតបញ្ចូលទី១ គ្រាប់នៅនាទី ៧០ ជួយឲ្យអៀរឡង់ឈ្នះអាល្លឺម៉ង់ដោយលទ្ធផល ១-០។
Shane Long អបអរក្រោយស៊ុតបញ្ចូលទី
អាល្លឺម៉ង់ដែលដឹកនាំដោយលោក Joachim Low មានភាគរយនៃការគ្រប់គ្រងបាល់ខ្ពស់ជាង អៀរឡង់រហូតដល់ ៧២ ទល់នឹង ២៨ ភាគរយ ប៉ុន្តែនៅតែមិនអាចស៊ុតបញ្ចូលទី ខណៈកីឡាករឆ្នើមៗដូចជា Jerome Boateng, Ilkay Gundogan, Andre Schurrle និងThomas Muller សុទ្ធតែមិនអាចធ្វើអ្វីបាននៅមុខទីរបស់អៀរឡង់។
ជ័យជម្នះនេះ ធ្វើឲ្យអៀរឡង់ដែលដឹកនាំដោយលោក Martin O’Neill អាចឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ បើសិនជាពួកគេឈ្នះប៉ូឡូញនៅថ្ងៃអាទិត្យ។យ៉ាងណាក៏ដោយអៀរឡង់ពេលនេះ មានកៅអីសម្រាប់វគ្គ play-off រួចស្រេចទៅហើយ និយាយរួមគឺបើឈ្នះប៉ូឡូញ នឹងបានឡើងទៅតែម្ដង តែបើចាញ់គឺបានទៅលេងវគ្គ play-off (ក្រុមលេខ៣ក្នុងពូល)៕