វិបត្តិក្បាលម៉ាស៊ីនដឹកនាំរបស់ FIFA កំពុងធ្វើឲ្យស្ថាប័នគ្រប់គ្រងបាល់ទាត់ដ៏ធំមួយនេះ ពិចារណា សម្លឹងរកប្រធានថ្មី ដែលជាអ្នកស្អាតស្អំ មកពីក្រៅស្ថាប័នដើម្បីជំនួសតំណែងលោក Sepp Blatter។
Blatter និង Ptatini សុទ្ធតែជាប់បម្រាមទាំង២
ទាក់ទងនឹងភាពចម្រូងចម្រាស់ខាងលើ លោក Thomas Bach ប្រមុខគណៈកម្មការអូឡាំពិកអន្តរជាតិ ហៅកាត់ថា IOC មានប្រសាសន៍ថា FIFA គួរតែធ្វើអ្វីម៉្យាងដើម្បីឲ្យអ្នកនៅជុំវិញមានជំនឿចិត្តឡើងវិញ ក្រោយពីថ្នាក់ដឹកនាំកំពូលៗរបស់គេទាំង៣ គឺលោក Blatter, លោក Michel Platini (អនុប្រធាន) និងលោក Jerome Valcke (អគ្គលេខាធិការ) ត្រូវព្យួរពីតំណែង។
Bach បាននិយាយថា៖ “គ្រប់គ្រាន់ហើយ។ FIFA ត្រូវតែដឹងខ្លួនថាឥលូវនេះមិនមែនធ្វើត្រឹមតែបញ្ជីឈ្មោះបេក្ខជនសម្រាប់ឈរឈ្មោះនោះទេ។ វាគឺជាបញ្ហា ដែលមិនអាចដោះស្រាយបានត្រឹមតែបោះឆ្នោតជ្រើសរើសប្រធានថ្មីនោះឡើយ”។
FIFA កំពុងត្រូវស៊ើបអង្កេតពីរឿងបញ្ហាអំពើពុករលួយប្រឆាំងនឹងបុគ្គល៣រូប ដែលជាអ្នកគ្រប់គ្រងថ្នាក់កំពូល។
បុគ្គលទាំង៣រូបនេះត្រូវដកចេញពីតំណែងរយៈពេល៩០ថ្ងៃ ដើម្បីទុកឱកាសឲ្យគណៈកម្មការវិន័យរបស់ FIFA បន្តការស៊ើបអង្កេត។ក្នុងអំឡុងពេលនោះ លោក Issa Hayatou ដែលជាប្រមុខសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក នឹងត្រូវដឹកនាំ FIFA ជាបណ្ដោះអាសន្ន៕