គូស្នេហ៍មួយគូនៅប្រទេសចិន បានសម្រេចយករថយន្តក្រុងមកធ្វើជារថយន្តអាពាហ៍ពិពាហ៍របស់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បុគ្គលិកហាងលក់ផ្កាស្រស់ជាច្រើននាក់ បានដុតដៃដុតជើង ក្នុងការតុបតែងរថយន្តក្រុងដ៏ធំមួយគ្រឿងនេះ ឲ្យមើលទៅដូចជារថយន្តអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី ៤តុលា កន្លងទៅ។
រថយន្តក្រុងតែមួយនេះ ធ្វើឲ្យកូនកំលោះ និងកូនក្រមុំ មិនចាំបាច់ត្រូវជួលរថយន្តផ្សេងទៀត សម្រាប់ដឹកបងប្អូន និងមិត្តភ័ក្ដិឡើយ។ បើយោងទៅតាមម្ចាស់ហាងលក់ផ្កាម្នាក់ បានឲ្យដឹងថា ផ្កាទាំងអស់មានតម្លៃត្រឹមតែ ៩៤៤ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់តុបតែងរថយន្ត ជាមួយប៉េងប៉ោងមួយចំនួនទៀត។
ចំណែកកូនកំលោះវិញបានប្រាប់ថា មូលហេតុដែលពួកគេជ្រើសយករថយន្តដ៏ធំនេះ ដោយសារវាមានតម្លៃមិនថ្លៃដូចរថយន្តទំនើប BMW និង Mercedes ទេ ថែមទាំងមានមិត្តភ័ក្តិ និងបងប្អូនអាចជិះជុំវិញបានទៀតផង ហើយក្ដីរំភើបរីករាយ និងសុភមង្គលក៏បានកើតមានក្នុងរថយន្តដែរ។ ក្រៅពីប្រែក្លាយរថយន្តក្រុង ជារថយន្តអាពាហ៍ពិពាហ៍ដ៏ប្លែកភ្នែកនេះ វាក៏បានបញ្ចេញចោលនូវសារធាតុកាបូនកម្រិតទាបផងដែរ។
ការតុបតែង ឬយករថយន្តប្លែកៗដង្ហែកូនក្រមុំ គេតែងសង្កេតឃើញជាញឹកញយក្នុងប្រទេសចិន ដូចជាគូស្នេហ៍មានទ្រព្យ ឬជាអ្នកលក់រថយន្ត ពួកគេតែងបញ្ចេញរថយន្តទាំងនោះពីហាង ដើម្បីទៅទទួលកូនក្រមុំមាន Mercedes, Hammer, BMW, អេស្កាវេទ័រ និងរថយន្តដឹកដីធំៗជាដើម។ តែទោះជាយ៉ាងណាក្ដី សម្ភារៈទំនើបៗ និងប្លែកៗទាំងនេះមិនប្រាកដថាធ្វើឲ្យគូស្នេហ៍រស់នៅមានសុភមង្គលឡើយ៕