ការបង្កើតអាជីវកម្មថ្មីថ្មោងតម្រូវឱ្យមានការបំពេញបែបបទមួយចំនួន តាមច្បាប់កំណត់ដើម្បីឱ្យអាជីវកម្មថ្មីថ្មោងក្លាយជាអាជីវកម្មស្របច្បាប់។
ការបើកអាជីវកម្មដំបូងក្រៅពីត្រូវចុះបញ្ជីពាណិជ្ជកម្ម ការការពារម៉ាកសញ្ញា (Logo) និង ម៉ាកពាណិជ្ជកម្ម ឬពាណិជ្ជនាម (Trade Mark) ក៏ជារឿងសំខាន់ផងដែរសម្រាប់អាជីវកម្មថ្មី។
អ្វីទៅជាពាណិជ្ជនាម? តើការចុះបញ្ជីដើម្បីការពារម៉ាកសញ្ញា និងពាណិជ្ជនាម មានសារៈសំខាន់ប៉ុណ្ណាសម្រាប់អាជីវកម្ម?
និយាយស្រួលស្ដាប់ ”ពាណិជ្ជនាម” គឺជាម៉ាកសញ្ញាសម្រាប់សំគាល់ក្រុមហ៊ុន ឬអាជីវកម្មមួយ។
អគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត មានប្រសាសន៍ថា ការចុះបញ្ជីការពារម៉ាកពាណិជ្ជកម្មឬក៏ហៅថាពាណិជ្ជនាម (Trade Mark) មានសារៈសំខាន់ណាស់ចំពោះក្រុមហ៊ុន ឬអាជីវកម្មមួយដែលមានចក្ខុវិស័យវែងឆ្ងាយ ព្រោះថាការចុះបញ្ជីការពារពាណិជ្ជនាមនេះអាចជួយឲ្យម៉ាកក្រុមហ៊ុនត្រូវបានការពារដោយច្បាប់ ។
នៅពេលដែលក្រុមហ៊ុនមួយបានចុះបញ្ជីការពារពាណិជ្ជនាម(Trade Mark) ក្នុងក្រសួងពាណិជ្ជកម្ម មានន័យថាក្រុមហ៊ុននោះត្រូវបានការពារដោយច្បាប់ ពោលគឺ រាល់បុគ្គលណាដែលលួចចម្លងយកម៉ាកសញ្ញា ឬផ្នែកណាមួយនៃម៉ាករបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនោះ ក្រុមហ៊ុនស្របច្បាប់អាចប្ដឹង ទាមទារសំណង ឬឲ្យបញ្ឈប់ការប្រើម៉ាកសញ្ញានោះជាបន្ទាន់។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនជាច្រើននៅកម្ពុជាបានចុះបញ្ជីការពារពាណិជ្ជនាមក្រុមហ៊ុនខ្លួនដើម្បីការពារដោយស្របច្បាប់ពីការលួចចម្លង។ លោកថា ការចុះបញ្ជីការពារពាណិជ្ជនាមមានសារៈសំខាន់សម្រាប់ក្រុមហ៊ុននៅពេលដែលម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុន គិតថា ពាណិជ្ជនាមរបស់ខ្លួននឹងល្បីនៅថ្ងៃអនាគត និងចៀសវាងវិវាទនៅថ្ងៃក្រោយ៕