ពាក្យថា “បំណុល” មិនមែនសុទ្ធតែមិនល្អនោះទេ។ បំណុលមានពីរប្រភេទ គឺបំណុលងាប់ ឬបំណុលខូច (Bad Debt) និង បំណុលរស់ ឬបំណុលល្អ (Good Debt) គឺវាអាស្រ័យលើកម្មវត្ថុនៃការប្រើប្រាស់បំណុលនេះតែប៉ុណ្ណោះ។ ក្នុងន័យនេះ គេបានមើលឃើញជាទូទៅថា បំណុលងាប់ភាគច្រើនត្រូវកាន់កាប់ដោយអ្នកក្រ ខណៈដែលបំណុលរស់វិញភាគច្រើនត្រូវកាន់កាប់ដោយអ្នកមាន។ នេះមិនមែនជាការរើសអើងទេ ប៉ុន្តែរបៀបនៃការជំពាក់បំណុលរបស់អ្នកមាន និងអ្នកក្រពិតជាមានស្ថានភាពដូច្នេះមែន។
ការជំពាក់បំណុលរបស់អ្នកមាន
បើអ្នកក្រជំពាក់បំណុលគេគឺជារឿងធម្មតាទៅហើយ ប៉ុន្តែបើអ្នកមានជំពាក់បំណុលគេវិញតើប្រិយមិត្តយល់យ៉ាងណាដែរ? តើអាចចាត់ទុកថា ជាអ្នកមានដូចម្តេចទៅបើខ្លួនជំពាក់បំណុលគេដែរនោះ? ជាការពិត របៀបជំពាក់បំណុលរបស់អ្នកមានត្រូវបានគេកត់សម្គាល់ឃើញ មានលក្ខណៈខុសទាំងស្រុងពីបំណុលរបស់អ្នកក្រ។
កម្មវត្ថុនៃការជំពាក់បំណុលរបស់អ្នកមាននោះ គឺកើតឡើងដោយសារពួកគេយកប្រាក់កម្ចីក្នុងចំនួនណាមួយ ទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាពសម្រាប់បង្កើតប្រាក់ចំណូលមកវិញ។ ជាទូទៅ ការវិនិយោគ គឺជាហេតុផលមួយដ៏សុក្រឹតបំផុតនៅពីក្រោយការជំពាក់បំណុលរបស់អ្នកមាន។
ជាឧទាហរណ៍ អ្នកមានបានសម្រេចចិត្តខ្ចីលុយពីធនាគារក្នុងទឹកប្រាក់ ២ ម៉ឺនដុល្លារ ដើម្បីយកមកធ្វើដើមទុនបើកអាជីវកម្មលក់សំលៀកបំពាក់ទំនើបៗនៅទីតាំងមួយកន្លែង។ ត្រង់ចំណុចនេះ ទោះបីជាពួកគេដឹងថា ខ្លួនកំពុងជំពាក់បំណុលក៏ដោយ នៅថ្ងៃខាងមុខពួកគេ នឹងមានលទ្ធភាពអាចរកប្រាក់ចំណូលមកវិញពីអាជីវកម្មនេះសម្រាប់ទូទាត់ប្រាក់ទៅធនាគារវិញជាក់ជាមិនខាន។ នេះជាហើយជាយុទ្ធសាស្ត្រមួយរបស់អ្នកមានដែលប្រែក្លាយបំណុលនៃប្រាក់កម្ចីរបស់ខ្លួនឲ្យកើតចេញជាមាសប្រាក់បាន (Good Debt)។
ការជំពាក់បំណុលរបស់អ្នកក្រ
ងាកមកមើលការជំពាក់បំណុលរបស់អ្នកក្រវិញ ខុសគ្នាពីការជំពាក់បំណុលរបស់អ្នកមានដូចម្តេចខ្លះ? របៀបនៃការជំពាក់បំណុលរបស់អ្នកក្រភាគច្រើន គឺការខ្ចីប្រាក់ក្នុងចំនួនណាមួយសម្រាប់យកទៅដោះស្រាយកង្វះខាតក្នុងជីវភាពរបស់ពួកគេ។ និយាយឲ្យខ្លីជំពាក់បំណុលដើម្បីខ្ចីប្រាក់យកទៅចំណាយភាពទីទ័លក្រ ហើយទីបំផុតខ្លួននៅតែស្ថិតក្នុងភាពទីទាល់ក្រដដែល ឬ កាន់តែក្រជាងនេះក៏ថាបាន។
នេះជាអ្វីដែលគេអាចនិយាយបានថា កម្មវត្ថុនៃការជំពាក់បំណុលរបស់អ្នកក្រ គឺដើម្បីចំណាយ មិនមែនជំពាក់បំណុលដើម្បីយកប្រាក់មកបង្កើតចំណូលដូចអ្នកមាននោះឡើយ។ ប្រការនេះហើយដែលគេអះអាងថា អ្នកក្រគ្មានសមត្ថភាពអាចប្រើប្រាស់ប្រាក់កម្ចីរបស់ខ្លួនដើម្បីបង្កើតចំណូលនោះឡើយ ដែលនោះហៅថាបំណុលងាប់ (Bad Debt) នោះឯង៕